ប្រភពជិតដិតនឹងក្រុមលោកអ៊ូអាតារ៉ា រាយការណ៍កាលពីថ្ងៃទី៥ ឧសភា ថា ប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រទទួលស្គាល់ដោយអ.ស.បលោកអាឡាស់សាន អ៊ូអាតារ៉ា ត្រូវធ្វើសច្ចាប្រណិធានចូលកាន់នារសៀលថ្ងៃទី៦ ឧសភា នៅក្រុងអាប៊ីដហ្សាន់។ ពិធីធ្វើសច្ចាប្រណិធានត្រូវចាប់ផ្តើមនាវេលាម៉ោង១៦ម៉ោងក្នុងស្រុកនៅវិមានប្រធានាធិបតីក្នុងសង្កាត់ PLATEAU (សង្កាត់រដ្ឋបាលក្រុងអាប៊ីដហ្សាន់) ។
លោកអ៊ូអាតារ៉ាដែលប្រកាសទទួលស្គាល់កាលពីថ្ងៃទី៥ ឧសភាថា ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីកូតឌីវ័រកាលពីថ្ងៃទី២៨ វិច្ឆិកា ដោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញកូតឌីវ័រ លោក PAUL YAO NDRE នោះត្រូវក្លាយជាប្រធានាធិបតីផ្លូវការរបស់ប្រទេសនេះ។
ប្រទេសកូតឌីវ័រធ្លាក់ក្នុងសភាពការណ៍មានប្រធានាធិបតីដល់ទៅ២រូបអមដោយអំពើហិង្សាបង្ហូរឈាមនានារហូតដល់ការចាប់ខ្លួនលោកឡូរ៉ង់ ហ្សេបាបូ កាលពីថ្ងៃទី១១ មេសា កន្លងមកនេះដោយកងកម្លាំងស្និទ្ធលោកអ៊ូអាតារ៉ាជាមួយនឹងការជួយទ្រទ្រង់របស់អ.ស.ប និងកងទ័ពបារាំង។ ក្រុមចុងក្រោយនៃមនុស្សរបស់លោកហ្សេបាបូ បានព្រមប្រគល់អាវុធរបស់ពួកគេហើយ ចំណែកសាកសពមនុស្សជាច្រើនសិបនាក់ត្រូវបានប្រមូលក្នុងសង្កាត់ YOPOUGON ក្រុងអាប៊ីដហ្សាន់ ក្រោយការប៉ះទង្គិចបង្ហូរឈាមគ្នាចុងក្រោយទាំងឡាយរវាងក្រុមនេះ និងកងទ័ពរបស់លោកអ៊ូអាតារ៉ា។ កងទ័ពកូតឌីវ័រកាលពីយប់ថ្ងៃទី៤ ឧសភា បានលើកចូលក្នុងមូលដ្ឋាននាវាចរណ៍ LOCODJORO ក្រុងអាប៊ីដហ្សាន់ ជាកន្លែងលាក់ខ្លួនរបស់ពួកជីវពលស្មោះត្រង់នឹងលោកហ្សេបាបូមួយក្រុមតូចបង្ខំឱ្យក្រុមនេះព្រមដាក់អាវុធចុះ ៕
ចែករំលែកព័តមាននេះ