ការិយាល័យស្ថិតិក្រុងរាយការណ៍កាលពីថ្ងៃទី៥ ឧសភា ថា ចំនួនប្រជាជនក្រុងប៉េកាំងឡើងដល់១៩,៦លាននាក់គិតមកដល់ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១០ ដោយសារការកើនឡើងចំនួនអ្នកចំណាកស្រុកមកពីខេត្តនានារបស់ប្រទេស។ សេចក្តីប្រកាសមួយរបស់ការិយាល័យនេះដែលដកស្រង់តួលេខនៃលទ្ធផលជំរឿនជាតិលើកទី៦ ដែលប្រព្រឹត្តទៅកាលពីឆ្នាំទៅមិញគូសបញ្ជាក់ថា ចំនួនប្រជាជនរស់នៅអចិន្ត្រៃយ៍ក្រុងប៉េកាំងឡើងដល់១៩,៦១២លាននាក់ពោលមានការកើនឡើង៤៤,៥% គឺ៦,០៤៣លាននាក់ថែមទៀតគិតចាប់តាំងពី១០ឆ្នាំមុនមក។ កំណើនប្រជាជនក្រុងប៉េកាំងប្រចាំឆ្នាំគឺ៣,៨%គិតជាមធ្យមចាប់តាំងពី១០ឆ្នាំចុងក្រោយនេះមកដែលមានខ្ពស់ជាងកំណើនមធ្យមជាតិត្រឹម០,៥៧%។ ចំនួនប្រជាជនចិនដីគោកបានឡើងដល់១.៣៤០លាននាក់ដែលមានការកើនឡើង៧៣,៩លាននាក់លើសកាលពីឆ្នាំ២០០០។
យោងតាមសេចក្តីប្រកាសរបស់ការិយាល័យស្ថិតិក្រុងប៉េកាំងថា ការកើនឡើងនៃពួកអ្នកចំណាកស្រុកមកពីខេត្តដទៃៗទៀតរបស់ប្រទេសជាកត្តាសំខាន់នាំឱ្យមានកំណើនប្រជាជនក្រុងប៉េកាំង ៕
ចែករំលែកព័តមាននេះ