ខេត្តព្រះសីហនុ ៖ ប្រុស-ស្រីពីរនាក់ត្រូវបានកម្លាំងប៉ូលិសនៃអធិការដ្ឋានក្រុងព្រះសីហនុដឹកនាំដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀល នៅចំណុចក្រុម៤ ភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន ។
លោកម៉េង ចន្ថា អធិការរងក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះខ្វៀង ធីយ៉ាំង ភេទស្រី អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើតនៅប្រទេសវៀតណាមត្រូវឃាត់ខ្លួនតាមដីកា និងម្នាក់ទៀតឈ្មោះមាស វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅផ្ទះជួលក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជននេះមានមុខរបរបើកហាងខារ៉ាអូខេ ។
ចំពោះវត្ថុតាងដែលរឹបអូសបានពីឈ្មោះមាស វុទ្ធី មានម៉ាទឹកកកចំនួន៦កញ្ចប់តូច។ យោងតាមចម្លើយសារភាពរបស់ឈ្មោះមាស វុទ្ធី បានឱ្យដឹងថា ម៉ាទឹកកកទាំង៦កញ្ចប់នេះគឺរូបគេទិញមកសម្រាប់ជក់ខ្លួនឯងមិនមែនសម្រាប់លក់ទេ។ ប៉ុន្តែតាមប្រភពអ្នកធ្លាប់ស្គាល់ឈ្មោះវុទ្ធីនេះបាននិយាយថា ជននេះគួរតែដល់ពេលចូលដេកគុកហើយព្រោះមិនចេះរាងចាលទេ គេធ្វើអ្វីផ្គើននឹងសមត្ថកិច្ចរហូត ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ