ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​ក្រុម​ប្រើ​ល្បិច​​បបួល​លេង​ល្បែង​​៥នាក់ ​​រឹបអូស​​ម៉ូតូ​​៣គ្រឿង

14 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ ​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​៥ ឧសភា ​សមត្ថ​កិច្ច​​​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ស្រាល​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត សហការ​ជាមួយ​​ប៉ូលិស​ក្រុង​ខេមរ ភូមិន្ទ​ ស្ទាក់​ចាប់​បាន​ក្រុម​​ឆ​បោក​​ធ្វើ​ជា​​​បបួល​​​លេង​ល្បែង​​​រួច​គាប​យក​​ទ្រព្យ​សម្បត្តិ​​ពី​អ្នក​ដទៃ​បាន​ចំនួន​​៥​នាក់​​ ក្នុង​ចំណោម​​​៦​នាក់​ និង​រឹបអូស​​បាន​ម៉ូតូ​​​៣គ្រឿង​

ខេត្ត​កោះកុង ៖ ​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​៥ ឧសភា ​សមត្ថ​កិច្ច​​​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ស្រាល​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត សហការ​ជាមួយ​​ប៉ូលិស​ក្រុង​ខេមរ ភូមិន្ទ​ ស្ទាក់​ចាប់​បាន​ក្រុម​​ឆ​បោក​​ធ្វើ​ជា​​​បបួល​​​លេង​ល្បែង​​​រួច​គាប​យក​​ទ្រព្យ​សម្បត្តិ​​ពី​អ្នក​ដទៃ​បាន​ចំនួន​​៥​នាក់​​ ក្នុង​ចំណោម​​​៦​នាក់​ និង​រឹបអូស​​បាន​ម៉ូតូ​​​៣គ្រឿង​ ។ ​ក្រុម​ជន​ឆបោក​​ទាំង​នោះ ត្រូវ​​​ប៉ូលិស​​ឃាត់​ខ្លួន​ បន្ទាប់​ពីពួកគេ​បាន​​​ប្រើ​ល្បិច​​ស្ទាក់​​បបួល​​ពលរដ្ឋ​ម្នាក់​ឈ្មោះ​​ឡៅ រ៉ាឌី ហៅតាលក់ពងទា អាយុ​៥២ឆ្នាំ លេង​ល្បែង​បត់​លុយ​ចាក់​ រួច​ដោះ​យក​ចិញ្ចៀន​​​ពីឈ្មោះ​ឡៅ រ៉ាឌី​ ​នាំគ្នា​គេច​ខ្លួនបាត់​ កាលពី​​វេលា​ម៉ោង​​៤​រសៀល​​ថ្ងៃទី​៤ ឧសភាកន្លងទៅ នៅចំណុច​​មុខ​វត្ត​ទេព​និម្មិត​ ​ហៅ​វត្ត​​ថ្មី ស្ថិត​ក្នុង​ភូមិ​​៣ សង្កាត់់​​​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ។

លោក​វរសនីយ៍​ត្រី​ឡាយ ​ម៉េងឡាំង នាយ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​​កម្រិត​ស្រាល​​នៃស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​បញ្ជាក់​​ថា បន្ទាប់​ពីក្រុម​​​ឆបោក​​​ខាង​លើ​នេះ បាន​ធ្វើ​សកម្មភាព​​ប្រើ​ល្បិច​​​ឆបោក​ឈ្មោះ​ឡៅ រ៉ាឌី រួច ជន​រង​គ្រោះ​ក៏​បាន​មក​ប្តឹង​សមត្ថ​កិច្ច​ ហើយ​សមត្ថ​កិច្ច​ក៏​បាន​តាម​រក​ភ្លាម​​ៗដែរ​ លុះ​ដល់​​វេលា​​ម៉ោង​១១​ និង​​៤៥​នាទី​ ថ្ងៃទី​៥ ឧសភា ​ ទើប​ចាប់​ខ្លួន​​បាន​ចំនួន​​៥​នាក់​ ។ ជន​​សង្ស័យ​ឆបោក​​ទាំង​៥​នាក់​នោះ​១-​ឈ្មោះ​លី ចំរើន ភេទ​ប្រុស អាយុ​​៣៤ឆ្នាំ មាន​ទីលំនៅ​សង្កាត់​​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ២-ឈ្មោះ​​សុខ ពិសី ភេទ​ប្រុស អាយុ​​​៤២​ឆ្នាំ​ មានទីលំនៅ​​ភូមិជ្រែ​កោង​ សង្កាត់​​ជ្រៃកោង ​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ៣-​ឈ្មោះ​​ផេង​ ធារ៉ា ភេទ​ប្រុស អាយុ​​៤២ឆ្នាំ មាន​ទីលំនៅ​​ភូមិ​រលួស​ ឃុំ​រលួស​​ ស្រុក​កណ្តាល​​ស្ទឹង ខេត្ត​កណ្តាល​ ៤-ឈ្មោះ​ចាន់ សឿន ហៅស៊ុយ​ ភេទ​ប្រុស អាយុ​​​៥២ឆ្នាំ ទីលំនៅ​​ភូមិ​​អូតាពូង ឃុំ​រកាកោះ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ ៥-​ឈ្មោះ​កា សំផុន ហៅ​ឡឹត ភេទ​ប្រុស អាយុ​​៤៧ឆ្នាំ ទីលំ​នៅភូមិ​ព្រះ​ពន្លា​ ឃុំ​ព្រះ​ពន្លា ស្រុក​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ ជាមេខ្លោង​ ហើយ​​​ពួកគេ​ទាំង​អស់​គ្នា​ មាន​មុខ​របរ​​​រត់​ម៉ូតូឌុប ។​ ចំណែក​ឈ្មោះ​រ៉ន ជាបក្សពួកបាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​​បាត់ ។

លោក​​ឡាយ ម៉េងឡាំង ​បានបន្ត​​ថា ម៉ូតូ​​ដែល​ជា​វត្ថុ​តាង​​​របស់​​ជន​ល្មើស​​​ជិះ​ធ្វើ​សកម្មភាព​​៣គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​​រឹបអូស​ ១-ម៉ាកវីវ៉ា​​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​​ស្វាយ​រៀង  1A-2316 ២-ម៉ាក​​វ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 1C-0216 និង​៣-​ម៉ាក​​​វ៉េវ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​​លេខ​ ។​ ករណី​បង្ក្រាប​​ក្រុម​ប្រើ​ល្បិច​​ឆបោក​​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​​តាម​ការ​​ណែនាំ​​​​របស់​លោក​​ឧត្តម​​សេនីយ៍​​ត្រី​សំ ឃីតវៀន ស្នង​ការ​នគរ​បាល​​ខេត្ត និង​​ដឹកនាំ​ផ្ទាល់​ដោយ​​លោក​​វរសនីយ៍​ឯក​ ស៊ិន​​សេន ស្នង​ការ​​រង​ទទួល​ផែន​កណ្តាល​​​យុត្តិធម៌​ ។ លោក​ស្នង​ការ​​រង​ស៊ិន សេន បាន​បញ្ជាក់​ថា ជន​សង្ស័យ​​​​បាន​​សារភាព​​ថា ពួក​គេ​ពិត​ជា​បាន​ប្រើ​ល្បិច​​បបួល​ឈ្មោះ​ឡៅ រ៉ាឌី លេង​ល្បែង​​​មូរលុយ​ចាក់​ហើយ​ដោះ​យក​​ចិញ្ចៀន​​​ចំនួន​៥ជី​ ប្រាកដ​មែន ។ ជន​សង្ស័យ​និង​វត្ថុ​តាង​​ត្រូវ​បាន​​​​សមត្ថកិច្ច​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅសាលា​ដំបូង​​​​​ខេត្ត​តាម​នីតិវិធី​ ហើយ​​បន្ត​ធ្វើ​ការ​ស្រាវ​​ជ្រាវ​រក​​មុខ​សញ្ញា​ដែល​​គេច​ខ្លួន​រួចទៀត​​ ៕