ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​ប្រជា​ពល​រដ្ឋ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​នៅ​តែ​កើត​មាន​ និង​បន្ត​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​​ប្រជា​ពល​​រដ្ឋ​នៅ​ក្រុង​​ប៉ោយ​​ប៉ែត​ដដែល ​ដោយ​គេ​សង្កេត​​ឃើញ​​ឈ្មួញ​ធំៗ​​៣-៤​នាក់ ​បាន​យក​រថយន្ត​ធុន​ធំ​កង់​៦​​លើក​ដាក់​ទំនិញ​នៅ​ចំណុច​ខាង​ជើង​ផ្សារ​អគ្គ ស្ថិត​​នៅ​ក្នុង​ភូមិ​ក្បាល​​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ។ ​រថយន្ត​បាន​ផ្ទុក​ទំនិញយ៉ាង​​​ខ្ពស់​សំពីង​សំពោង​​

ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​នៅ​តែ​កើត​មាន​ និង​បន្ត​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​​ប្រជា​ពល​​រដ្ឋ​នៅ​ក្រុង​​ប៉ោយ​​ប៉ែត​ដដែល ​ដោយ​គេ​សង្កេត​​ឃើញ​​ឈ្មួញ​ធំៗ​​៣-៤​នាក់ ​បាន​យក​រថយន្ត​ធុន​ធំ​កង់​៦​​លើក​ដាក់​ទំនិញ​នៅ​ចំណុច​ខាង​ជើង​ផ្សារ​អគ្គ ស្ថិត​​នៅ​ក្នុង​ភូមិ​ក្បាល​​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ។ ​រថយន្ត​បាន​ផ្ទុក​ទំនិញយ៉ាង​​​ខ្ពស់​សំពីង​សំពោង​​ និង​យក​កៅស៊ូ​តង់​ចង​ជុំ​វិញ​​ ​ហើយ​​មាន​កម្ម​ករ​ខ្លះ​បាន​ដើរ​ទប់​ពី​ក្រោយ​​ផង​ដែរ ដោយ​សារ​តែ​មាន​ការភ័យ​ខ្លាច​ទំនិញ​​នៅ​លើ​​រថយន្ត​​រលំ​ធ្លាក់​ចុះ​មក​ដី។

​ទំនិញ​ទាំង​នោះ​​នៅ​​​ពេល​​លើក​ដាក់​​លើ​រថយន្ត​រួច​រាល់​​នៅ​​ចំណុច​ផ្សារ​អគ្គ​​មាត់​ច្រក​​​ប៉ោយ​ប៉ែត​ ​គេ​យក​ទៅ​ដាក់​​នៅ​​ចំណុច​មុខ​បរិ​វេណ​​កាស៊ី​ណូ​ហ្គោ​លដិន​​ក្រោន​ ​រួច​បន្ត​យក​ចូល​ទៅ​ក្នុង​​ប្រទេស​សៀម​តាម​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត។ ​តាម​ប្រភព​​ពី​ម្ចាស់​ទំនិញ​​ទាំង​​នោះ​បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​ចំពោះ​​ការ​ដាក់​ទំនិញ​លើ​រថយន្ត​សំពីង​សំពោង​បែប​នេះ ​រូប​គាត់​ក៏​មិន​ចង់​ដែរ ​ពី​ព្រោះ​ពេល​ខ្លះ​ដោយ​សា​រតែ​ដាក់​​ទំនិញ​ខ្ពស់​ពេក និង​សំពីង​សំពោង​​ផង​នោះ​ក៏​​ភ្លាត់​ក្រឡាប់​​រថយន្ត​ផ្ងារ​​ជើង​ក៏​មាន​​ ​ហើយ​ត្រូវ​ខូច​​​ខាត​ទំនិញ​​អស់​មួយ​ចំនួន​ និង​ថែម​ទាំង​ខូច​ដល់​រថយន្ត​ផង​ដែរ។ ប៉ុន្តែ​​ម្ចាស់​ទំនិញ​នោះ​​បន្ត​ថា ​កា​រដឹក​ទំនិញ​បែប​នេះ​ គឺ​ដោយ​​​សារ​តែ​​គ្មាន​​ជម្រើស​​ ពី​ព្រោះ​​ត្រូវ​បង់​លុយ​ឱ្យ​ស្ថាប័ន​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ច្រើន​ពេក។​ ជា​ពិសេស​​នៅ​ចំណុច​​មាត់​ច្រក​រង្វង់​​មូល​នោះ​មាន​សមត្ថ​កិច្ច​ដល់​​ទៅ​២​ស្ថាប័ន គឺ​សមត្ថ​កិច្ច​ប៉ូលិស​​អន្តោ​ប្រវេសន៍​ច្រក និង​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​​ខេត្ត​បន្ទាយ​មាន​ជ័យ ។ គាត់​ត្រូវ​បង់​លុយ​ឱ្យ​សមត្ថ​កិច្ច​​ទាំង​២​ស្ថាប័ន​​នោះ ក្នុង​១​​រថយន្ត​​ពី​​១.២០០​បាត​ ទៅ​​១.៥០០​បាត​ ​លុយ​សៀម ​ដោយ​ពួក​គេ​​រាប់​ក្បាល​ឡាន​​យក​លុយ​តែ​ម្តង ។ ដូច្នេះ​​ហើយ​ទើប​ពួក​គាត់​​ដឹក​ទំនិញ​សំពីង​សំពោង​​បែប​នេះ ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ប្រាក់​​ចំណេញ​​​ខ្លះ ។

​លោក​ទ្រី ណា​រិន អភិ​បាល​ក្រុង​​ប៉ោយ​ប៉ែត​ បាន​ឱ្យ​កោះ​សន្តិ​ភាព​​ដឹង​តាម​ទូរស័ព្ទ​​នៅព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​ថា ចំពោះ​បញ្ហា​ទាំង​​អស់​នេះ​លោក​បាន​ដឹង​ហើយ និង​កំពុង​តែ​រក​វិធាន​ការ​ចាត់​ការ​ទៅតាម​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក និង​មិន​អនុ​ញ្ញាត​ឱ្យ​ពួក​គេ​ដឹក​ទំនិញ​​សំពីង​សំពោង​តាម​រថយន្ត​របៀប​អនាធិប​តេយ្យ បង្ក​នូវ​ការ​ភ័យ​ខ្លាច​ដល់​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត នេះ​តទៅ​ទៀត​ទេ ។

គួរ​រំលឹក​ផង​ដែរ​ថា ​ចំពោះ​រថយន្ត​ដឹក​ទំនិញ​​សំពីង​សំពោង​បែប​​អនាធិប​តេយ្យ​ និង​បង្ក​​​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត នេះ ​ខាង​ភាគី​សៀម​គេ​មិន​អនុ​ញ្ញាត​​ឱ្យ​ដឹក​ទំនិញ​​របៀប​​នេះ​ចូល​ក្នុង​ប្រទេស​របស់​គេ​ឡើយ។ ទំនិញ​​ទាំង​នេះ​ពេល​​ដឹក​មក​ដល់​ចំណុច​ព្រំដែន​ច្រក​​ប៉ោយ​ប៉ែត​​ ត្រូវ​បាន​គេ​​យក​រទេះ​​សាង​ប​ន្ត​ ​ទើប​អាច​នាំ​ចូល​​ក្នុង​ប្រទេស​សៀម​បាន ៕