ខេត្តក្រចេះ ៖ តំរូវការសម្រាប់ដំណាំម្រេច ដែលកំពុងតែមានសន្ទុះឈានមុខបំផុតលើផ្នែកកសិកម្មតាមបណ្ដាខេត្ដជាប់ព្រំដែនវៀតណាមនោះ ក៏កំពុងធ្វើឱ្យអនុផលព្រៃឈើជាប្រភេទឈើលេខមួយត្រូវបានវិនាសហិនហោចជាបណ្ដើរៗ ខណៈពេលដែលឈ្មួញកំពុងសម្រុកកាប់អារច្រៀកប្រភេទឈើខ្ចីចាស់ ដើម្បីធ្វើជាជន្លង់ម្រេចយកទៅលក់ឱ្យឈ្មួញ ។
រយៈពេលយូរមកហើយគេតែងឃើញរថយន្ដប្រភេទទួរីស១២កៅអី និងប្រភេទសាំយ៉ុង ១៥កៅអីកែវដឹកជញ្ជូនជន្លង់ម្រេចសម្រុកទៅកាន់ស្រុកមេមត់ខេត្ដកំពង់ចាម ដើម្បីលក់បន្ដឱ្យឈ្មួញជាអ្នកដាំម្រេច ។ ជន្លង់គេជ្រើសរើសតែដើមប្រភេទឈើលេខ១ ដូចជាផ្ចឹក និងសុក្រំ ដែលដើមឈើទាំងនេះស្ទើរតែវិនាសព្រោះគេកាប់ទាំងចាស់ទាំងខ្ចីរហូតមកទល់ពេលនេះគេមិនទាន់ឃើញមានសមត្ថកិច្ចជំនាញណាចុះទប់ស្កាត់ទៅលើសកម្មភាពកាប់អារច្រៀក និងដឹកជញ្ជូននោះទេ ហាក់ដូចជាបើកដៃឱ្យធ្វើអាជីវកម្មទាំងស្រុងពេញមួយទំហឹងដោយរង់ចាំតែទទួលយកលាភសក្ការៈទៅវិញ។
ឈើព្រៃដែលកំពុងតែប្រឈមមុខទៅនឹងការបាត់បង់មិនថាខ្ចី ឬចាស់ដែលត្រូវបានគេកាប់អារ ច្រៀក ទៅតាមតម្រូវការធ្វើជាជន្លង់ម្រេចនេះ គឺត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពយ៉ាងពេញទំហឹងចេញពីព្រៃក្នុងឃុំស្វាយជ្រះ និងព្រៃឃុំឃ្សឹម ស្រុកស្នួលមិនថា ថ្ងៃឬយប់ ដែលយ៉ាងហោចណាស់ ក៏មានរថយន្ដប្រភេទទួរីស១២កៅអី និងប្រភេទសាំយ៉ុង១៥កៅអី ដឹកចេញជាបន្ដបន្ទាប់រាប់សិបគ្រឿងក្នុងមួយថ្ងៃ ដោយក្នុងមួយគ្រឿង គឺអាចផ្ទុកបានឈើចំនួន៩០ដើម ។
ប្រភពព័ត៌មានមួយឱ្យដឹងថា ឈើដែលត្រូវប្រឈមមុខនឹងការកាប់អារច្រៀកយ៉ាងសកម្មទាំងនេះជាប្រភេទឈើលេខ១សុក្រំ និងផ្ចឹកដោយក្នុងមួយដើមត្រូវពុះច្រៀកជាបីចំណែក និងមានប្រវែង៤ម៉ែត្រ ហើយលក់បានក្នុងមួយដើម១ម៉ឺនរៀល រីឯឈ្មួញអាចទិញទៅលក់បន្ដនៅស្រុកមេមត់ក្នុង១ដើមបានតម្លៃ២ម៉ឺនរៀល។
តាមព័ត៌មានផ្សេងទៀតឱ្យដឹងថា អស់រយៈកាលជាច្រើនឆ្នាំ ហើយការកាប់អារច្រៀកដើមឈើលេខ១រហូតស្ទើរវិនាសផុតពូជទៅហើយនោះ ប្រសិនបើត្រឹមតែប្រើប្រាស់តាមតម្រូវការដាំដុះដើមម្រេចក្នុងស្រុកនោះគឺហួសពីការគ្រប់គ្រាន់ទៅហើយ ប៉ុន្ដែគឺការដឹកជញ្ជូនរាល់ថ្ងៃនេះមានឈ្មួញបានទិញស្ដុកដើម្បីលក់ចេញបន្ដទៅស្រុកយួនទៀត ។
នៅតាមដងផ្លូវជាតិលេខ៧ ចាប់ពីចំណុចឃុំស្វាយជ្រះ និងឃុំឃ្សឹម ដែលជាតំបន់ដ៏ក្ដៅគគុករបស់ពួកឈ្មួញក្នុងសកម្មភាពកាប់អារច្រៀកដឹកចេញទាំងយប់ទាំងថ្ងៃនោះ គឺគេមិនបានឃើញមានសមត្ថកិច្ចណាមួយ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ទាំងពីរចេញមកហាមឃាត់ ឬទប់ស្កាត់តាមវិធីជំនាញទេ តែគេបែរជាឃើញសមត្ថកិច្ចគ្រប់ស្ថាបន័មកបញ្ឈប់ក្បាលឡាន ដេកអង្រឹងយ៉ាងច្រើនស្អេកស្កះចាំស្ទាក់ដេញរថយន្ដទាំងនេះ យកលុយចែកគ្នាទៅវិញ ។
ធ្វើបែបនេះគេផ្គើនទាំងស្រុងនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលឱ្យជំនាញសមត្ថកិច្ចគ្រប់ស្ថាប័នត្រូវតែបង្ក្រាបឱ្យបានការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ ។ មន្ដ្រីទាំងនោះបែរជាមិនអនុវត្ដ គឺមកនាំគ្នាដាក់កុងត្រូលជជុះដេកចាំយកលុយដែលក្នុងបណ្ដាកុងត្រូលជជុះយ៉ាងច្រើនស្អេកស្កះនោះ គេឃើញមានវត្ដមានជនខ្លះអះអាងថា ខ្លួនជាអ្នកសារព័ត៌មានផងដែរ ដែលដាក់ក្បាលឡានពាសពេញផ្លូវដេកចាំយកលុយ។កន្លងមកក្រុមអ្នកអះអាងខ្លួនជាអ្នកកាសែតធ្លាប់ដេញចាប់រថយន្ដទួរីសដឹកដើមជន្លង់ម្រេច បណ្ដាលឱ្យជួបឧប្បត្ដិហេតុក្រឡាប់ទាំងយប់នៅក្នុងឃុំឃ្សឹម ស្រុកស្នួល ធ្វើឱ្យជនពីរនាក់ប្ដីប្រពន្ធស្លាប់បាត់បង់ជីវិតក្នុងរថយន្ដ រីឯជនបង្ករត់គេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ