មន្ត្រីអាមេរិកនិយាយថា ព័ត៌មានចារកម្មមួយដែលរកឃើញនៅនិវេសនដ្ឋានរបស់មេដឹកនាំភេរវកម្មអាល់កៃដា អូសាម៉ា ប៊ីនឡាដេន នៅក្បែរទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថាន បង្ហាញថា បណ្តាញអាល់កៃដាកំពុងមានផែនការបើកការវាយប្រហារប្រឆាំងរថភ្លើងនានារបស់អាេមរិក ដើម្បីរំឭកខួបលើកទី១០នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ ដោយប្រើយន្តហោះប្រឆាំងអគារភ្លោះមជ្ឈ មណ្ឌលពាណិជ្ជកម្មពិភពលោក WTC ។
ក្រសួងសន្តិសុខអាមេរិកបានផ្តល់ដំណឹងដល់បណ្តាទីភ្នាក់ងារអនុវត្តច្បាប់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១០ មក ក្រុមអាល់កៃដាបានពិចារណាមើលអំពីការបើកប្រតិបត្តិការប្រឆាំងរថភ្លើងនៅតាមស្ថានីយរថភ្លើងទាំងឡាយនៅសហរដ្ឋអាមេរិកនាថ្ងៃប្រារព្ធខួបលើកទី១០ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១។ ក្រសួងសន្តិសុខអាមេរិកបានឱ្យដឹងទៀតថា ក្រុមអាល់កៃដាកំពុងតែរិះរកមធ្យោបាយធ្វើប្រតិបត្តិការប្រឆាំងរថភ្លើងដោយព្យាយាមធ្វើយ៉ាងណាឱ្យរថភ្លើងដែលដឹកមនុស្សពេញក្រឡាប់ចេញពីផ្លូវដែក ។
មន្ត្រីអាមេរិកនិយាយថាពេលនេះខ្លួនកំពុងពិនិត្យមើលឡើងវិញនូវវិធានការបង្ការសម្រាប់កន្លែងដែលងាយយកធ្វើជាគោលដៅវាយប្រហារភេរវកម្ម ដែលក្នុងនោះមានដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញដឹកជញ្ជូននៅទូទាំងប្រទេសដោយដាក់ពង្រាយបន្ថែមទៀតនូវកងកម្លាំងប៉ូលិសនៅតំបន់មានព្រលានយន្តហោះ ដើម្បីរឹតបន្តឹងសន្តិសុខសម្រាប់អ្នកដំណើរ៕
ចែករំលែកព័តមាននេះ