រាជធានីភ្នំពេញ ៖ សិស្សស្រីរៀននៅវិទ្យាល័យសំរោងអណ្តែតម្នាក់បានរងការបាញ់បណ្តាលឱ្យរងរបួសពីជនមិនស្គាល់មុខ។ តាមការសន្និដ្ឋានជំហានដំបូងត្រូវបានគេសង្ស័យថា ដោយសារគំនុំ។ ហេតុការណ៍តាមប្រមាញ់ជីវិតដោយការលួចបាញ់ដោយកាំភ្លើងនេះបានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី៤ ឧសភា នៅចំណុចខាងក្រោយហាងខារ៉ាអូខេយីហោឌីយ៉ាម៉ង់ស្ថិតនៅផ្ទះលេខ៤៧០ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់សែនសុខ។
សិស្សស្រីរងគ្រោះឈ្មោះផេន សុខឡេន អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៅវិទ្យាល័យសំរោងអណ្តែត មានទីលំនៅកន្លែងកើតហេតុនោះ។ នាងរងរបួសដោយគ្រាប់កាំភ្លើងចំកញ្ចឹងកក្រោមត្រចៀកខាងឆ្វេងចំនួន១គ្រាប់ និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមឈ្មោះផេន ស្រេន ភេទប្រុស អាយុ២០ឆ្នាំ ជាបងប្រុសបំភ្លឺប្រាប់សមត្ថកិច្ចថា ពេលប្អូនស្រីរបស់គេអង្គុយបរិភោគបាយជាមួយក្រុមគ្រួសារមានគ្នា៥នាក់ ស្រាប់តែឮស្នូរផ្ទុះកាំភ្លើងជាច្រើនគ្រាប់បណ្តាលឱ្យនាងត្រូវគ្រាប់ដួលទៅលើដី។ មុនពេលកើតហេតុនេះរយៈពេល២សប្តាហ៍រូបគេជាបងធ្លាប់មានទំនាស់នៅកន្លែងផឹកស៊ីជាមួយញាតិជិតខាង ហើយភាគីទំនាស់នោះព្រមានបាញ់រូបគេ។ គេយល់ថា ការបាញ់នោះគឺតំរង់មករករូបគេដោយសាររឿងគំនុំ ព្រោះប្អូនស្រីរបស់គេគ្មានទំនាស់ជាមួយនរណាទេ។
នៅកន្លែងកើតហេតុប៉ូលិសរកសំបកគ្រាប់កាំភ្លើងមិនឃើញទេ ប៉ុន្តែឃើញប្រហោងគ្រាប់កាំភ្លើងចំនួន២កន្លែងដែលជនមិនស្គាល់មុខបាញ់ពីលើផ្លូវទំលុះរបងស័ង្កសីចូលទៅក្នុងផ្ទះ។ ទាក់ទិនរឿងនេះគ្មានសាក្សីបំភ្លឺប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់មុខជិះម៉ូតូ ឬរថយន្តនិងមានគ្នាប៉ុន្មាននាក់ទេ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ ៕
ចែករំលែកព័តមាននេះ