ខេត្តព្រះសីហនុ ៖មនុស្ស៨នាក់ក្នុងនោះមានជនជាតិអឺរ៉ុប៦នាក់ ដែលជាប់សង្ស័យជួញដូរ និងផលិតគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន កាលពីថ្ងៃទី២ ឧសភា កន្លងមកនេះ នៅអាហារដ្ឋាន The Happy Bar ស្ថិតនៅក្នុងក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៥ ឧសភា ។
លោកហេង ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា សមត្ថកិច្ចរបស់លោកមានការពិបាក និងស្មុគស្មាញយ៉ាងខ្លាំងក្នុងការបង្ក្រាបទីតាំងដ៏ធំមួយនេះ ព្រោះស្ថានភាពភូមិសាស្ត្រមានលក្ខណៈតូចចង្អៀត ហើយជាតំបន់ផ្ទះជនបរទេសស្នាក់នៅជាហេតុធ្វើឱ្យការស៊ើបអង្កេតមានរយៈពេលយូរ។ រហូតមកដល់ថ្ងៃទី២ ឧសភា ដោយមានការអនុញ្ញាត និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហៀង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោករៀម ច័ន្ទមុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបយើងឈានដល់ការឃាត់ខ្លួនជនសង្ស័យជួញដូរ និងផលិតគ្រឿងញៀនបាន៨នាក់ ក្នុងនោះជនជាតិអឺរ៉ុប៦នាក់ ស្ត្រី២នាក់ ជាខ្មែរ និងវៀតណាម ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ ១-ថ្នាំគ្រាប់ពណ៌ទឹកក្រូច៤១គ្រាប់ ស្មើនឹង៦,៩ក្រាម (ហេរ៉ូអ៊ីន), ២-ថ្នាំគ្រាប់ពណ៌ស ៩២គ្រាប់, ៣-ថ្នាំគ្រាប់ពណ៌សស្រអាប់៤៨គ្រាប់ (ហេរ៉ូអ៊ីន), ៤-ម្សៅពណ៌សថ្លា៩កញ្ចប់ (មេតំហ្វេតាមីន), ៥-ម្សៅដុំរឹងពណ៌ប្រផេះ២៥កញ្ចប់តូច (មេតំហ្វេតាមីន), ៦-ម្សៅដុំរឹងពណ៌ស ៧កញ្ចប់តូច និង១កញ្ចប់ធំ (មេតំហ្វេតាមីន), ៧-ជ័រពណ៌ខ្មៅ ១កញ្ចប់ធំ ស្មើ១.០០៣ក្រាម (ហេរ៉ូអ៊ីន), ៨-គ្រាប់ និងរុក្ខជាតិក្រៀម ១៤កញ្ចប់, ៩-រុក្ខជាតិក្រៀមកិន ១ប្រអប់, ១០-រថយន្ត១គ្រឿង ទូរទស្សន៍១គ្រឿង ម៉ូតូ៣គ្រឿង, ១១-ជញ្ជីងថ្លឹង៦គ្រឿង, ១២-ម៉ាស៊ីនសម្ងួត ៣គ្រឿង និង១៣-ប្រដាប់កិន កាត់ ៤គ្រឿង និងសម្ភារមួយចំនួនទៀត ។ យោងតាមប្រភពពីមន្រ្តីតុលាការបានឱ្យដឹងថា ជនជាប់ពាក់ព័ន្ធទាំង៨នាក់ នឹងត្រូវឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុជាបណ្តោះអាសន្ន រង់ចាំបើកសវនាការនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ