ខេត្តព្រះសីហនុ ៖ ឈើគ្រញូងចំនួន៦១ដុំ ស្មើនឹង៧១៤គីឡូក្រាម និងរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ៨៩ ពណ៌ប្រផេះ មួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ចៅ ម៉េង នាយរងការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការបង្ក្រាប និងស្ទាក់ចាប់កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ឧសភា នៅចំណុចជាប់របងសាលាសបឋមសិក្សាព្រែកសង្កែ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងភូមិព្រែកសង្កែ សង្កាត់ទឹកថ្លា ស្រុកព្រៃនប់ ហើយបានត្រួតពិនិត្យពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តនៅវេលាម៉ោង១៦និង១៥នាទីក្នុងថ្ងៃដដែលនោះ ។
តាមព័ត៌មានពីលោកវរសេនីយ៍ត្រី ចៅ ម៉េង នាយរងការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើដែលយើងទទួលបានជោគជ័យនាពេលនេះ ក៏ដោយសារមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាលខេត្ត។ ប្រភពបន្តថា អ្វីដែលគួរឱ្យសោកស្តាយនោះ គឺជនល្មើសបានរត់រួចបន្សល់ទុកតែរថយន្តមា៉កកាមរីស៊េរី៨៩ ពណ៌ប្រផេះ ពាក់ស្លាកលេខ ង៥៤៤២ភព២ និងឈើចំនួន៦១ដុំ។
ប្រភពដដែលបន្តទៀតថា ការឈានដល់ការបង្ក្រាបបានបទល្មើសព្រៃឈើមួយនេះដោយសារមានការតាមដានជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី៣ ឧសភា ទើបបានទទួលដំណឹងច្បាស់ការណ៍ពីបណ្តាញទើបនៅយប់ថ្ងៃទី៣ ឧសភា សមត្ថកិច្ចបានធ្វើការពួនស្ទាក់ លុះព្រឹកឡើងវេលាម៉ោង៦និង២៥នាទី ថ្ងៃទី៤ ឧសភា មុខសញ្ញាបទល្មើសបានលេចមុខឡើងហើយក៏បានដេញតាមយ៉ាងប្រកិតរហូតមកដល់ចំណុចសាលាបឋមសិក្សាព្រែកសង្កែ រថយន្តជនល្មើសក៏ជ្រុលចង្កូតទៅបុកនឹងខឿនលូផ្លូវលំបត់ចូលភូមិប្រជាពលរដ្ឋទៅមុខលែងរួចទើបបោះបង់រថយន្តចោលរួចរត់គេចខ្លួន ។
វត្ថុតាងរថយន្តនិងឈើគ្រញូងត្រូវបានសមត្ថកិច្ចប៉ូលិសប្រគល់ជូនលោកឌី សុខុម នាយរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ចំពោះចរាចរណ៍បទល្មើសព្រៃឈើនេះ មិនមែនជាលើកទី១ ទេ គឺ មានស្ទើររៀងរាល់ថ្ងៃនៅតាមដងផ្លូវជាតិលេខ៣នេះ ដែលឈ្មួញទុច្ចរិតដឹកយកទៅចុះទូកនាំទៅប្រទេសវៀតណាមតាមច្រកត្រពាំងល្ពៅ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ។ ប្រភពដដែលបន្តថា ចំពោះប្រភពឈើចេញពីណានោះ គឺពុំបានដឹងទេ គ្រាន់តែដឹងថា បទល្មើសទាំងនោះតែងតែឆ្លងកាត់ទីរួមស្រុកព្រៃនប់នេះ៕
ចែករំលែកព័តមាននេះ