រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាព កងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀតក្នុងគោលដៅ រួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជានាយកឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានបញ្ជាក់ថា ៖«រាជរដ្ឋាភិបាលនឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈមានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាឱ្យបានប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កា ។
សម្តេចតេជោ បានលើកឡើងថា សមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្តក្នុងការចូលរួមបំពេញភារកិច្ចទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថា ជាវាលពិឃា.ត ពុំមានសន្តិសុខរងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅ ជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេសដែលបាន និងកំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនា-សម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួ នាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែងដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កាដ៏ត្រចះត្រចង់ ។
សម្តេចក៏បានគូសបញ្ជាក់ថា ៖«នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្មសម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន ។ ដូច្នេះ យើងត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាព-រីកចម្រើនរុងរឿងដូចអារ្យប្រទេសនានា»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានក៏បានលើកឡើងថា កងពលតូចលេខ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន ។
សម្តេចក៏បានលើកឡើងថា កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយផ្តល់សេវា ថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហ ការសម្របសម្រួលជាមួយ សមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តរួចមកហើយក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គិភ័យ ការដោះមីនរំដោះដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទជាដើម ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ