ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាបើកសម័យប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២សំខាន់

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​២…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​២ ។

សម័យប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដោយ​មាន​វត្តមាន​សមាជិក​សមាជិកា​ពេល​ផ្តើម​កិច្ចប្រជុំ​ចំនួន ៩៩​រូប ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​ចំនួន​ពីរ គឺ ៖ ១-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដី​ពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ។ ២-​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ ។

សូម​ជម្រាប​ថា គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០២៣​ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម និង​សេចក្ដីព្រាងច្បាប់​ស្តី​ពី វិធាន​ដើម​កំណើត​ទំនិញ ។

សេចក្ដីព្រាងច្បាប់​ស្ដី​ពី​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​ក្នុង​គោលបំណង​ធ្វើការ​កែសម្រួល​នូវ​បទ​ប្បញ្ញត្តិ​គតិ​យុ​ត្ត​ណា​ដែល​ពុំ​ទាន់​មាន​ភាព​សម​ស្រប និង​បំពេញបន្ថែម​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​ៗ​បន្ថែម​ទៀត ព្រមទាំង​បញ្ចូល​នូវ​ប្រព័ន្ធ​ថ្មី​ដែល​ពុំ​ធ្លាប់​មាន​ប្រើប្រាស់​ដូច​ជា ប្រព័ន្ធ​រួម​អត្តសញ្ញាណ​ប្រជាជន (​ប្រព័ន្ធ IPIS)​ជាដើម ។

សេចក្តីព្រាងច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត ដែល​រៀបចំ​ឡើង​មិន​ត្រឹមតែ​អាច​ឆ្លើយ​តប​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​បាន​ជួប​ប្រទះ​ក្នុង​ពេល​អនុវត្ត ជាក់ស្ដែង​កន្លង​មក​ប៉ុណ្ណោះ​នោះ​ទេ គឺ​ធានា​បាន​នូវ​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា និង​បាន​រៀបចំ​បទ​ប្បញ្ញត្តិ​ដែល​មាន​លក្ខណៈ​ទំនើប​កម្ម​ស្រប​តាម​ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម ព្រមទាំង​បាន​រៀបចំ​ដោយ​ព្យាករណ៍​ទុកជា​មុន រួច​ជា​ស្រេច​ទាក់ទង​នឹង​ការ​បន្ត​រីក ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នា​ថ្ងៃ​អនាគត​ផង​ដែរ ។

គោលបំណង​សំខាន់​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​ធានា​ឱ្យ​មាន​វិធាន និង​នីតិវិធី​ច្បាស់លាស់​ទាក់ទង​ទៅ​នឹង​ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ការ​ចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល​ការ​ចុះបញ្ជី​ស្នាក់​នៅ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​ការពារ​សិទ្ធិ និង​ពង្រឹង​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្តល់​សេវា​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ធានា​ឱ្យ​បុគ្គល​គ្រប់​រូប​មាន​អត្តសញ្ញាណ​តាម​ផ្លូវច្បាប់ និង​ជា​មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​គ្រប់គ្រង​ស្ថិតិ​អត្រានុកូលដ្ឋាន និង​បញ្ជី​ប្រជាជន ព្រមទាំង​រៀបចំ​ផែនការ​សម្រាប់​អភិវឌ្ឍន៍​ផង​ដែរ ។

សូម​ជម្រាប​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្មនេះ​មាន​១២​ជំពូក និង​១៨២​មាត្រា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ច្បាប់​ស្ដី​ពី «​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​» មាន​វិសាលភាព​អនុវត្ត​ចំពោះ​ជន​គ្រប់​រូប​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ផង​ដែរ ។

ចំណែក​សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ​មាន​ចំនួន​៩​ជំពូក ដែល​មាន​៣៥​មាត្រា ។ រាជរដ្ឋាភិបាល​ចាត់​ទុក​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ គឺ​មាន​ប្រយោជន៍​ក្នុង​ការ​កំណត់​អំពី​គោលការណ៍ និង​វិធាន​ដើម​កំណើត​ទំនិញ​ទាំង​វិធាន​ដើម​កំណើត​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​ក្រៅ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ។ សម្រាប់​សេចក្ដីព្រាងច្បាប់​នេះ​បាន​ផ្ដល់​ជា​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ពិសេស ក្រសួងពាណិជ្ជកម្ម ដែល​ទទួល​បន្ទុក​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​ជា​សេនាធិការ​ទទួល​បន្ទុក​លើ​ការ​ទទួល​សំអាង​ដើម​កំណើត​ទំនិញ​ក្នុង​ការ​អនុវត្ត​ការងារ​ទាក់ទង​នឹង​វិធាន​ដើម​កំណើត​ទំនិញ ។ ជាង​នេះ​សេចក្ដីព្រាងច្បាប់​នេះ ជួយ​ឱ្យ​កម្ពុជា​អាច​បំពេញ​បាន​នូវ​ការ​សន្យា​របស់​ខ្លួន​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។

លើស​ពី​នេះ គឺ​វា​ជួយ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ដល់​វិស័យ​ឯកជន ជា​ពិសេស​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ដែល​ទទួល​បានការ​អនុគ្រោះ ពន្ធ​ពី​ប្រទេស​នាំ​ចូល​ដែល​ផ្ដល់​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា និង​ក្រោម​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​នានា​ដែល​កម្ពុជា​ជា​សមាជិក ។

រដ្ឋាភិបាល​បាន​ក៏​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ក្លែង បន្លំ​ដើម​កំណើត​ទំនិញ ដែល​អាច​ជួយ​ធានា​ថា​ទំនិញ​នាំ​ចេញពី​កម្ពុជា គឺ​មាន​ដើម​កំណើត​នៅ​កម្ពុជា ហើយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្ម​សេរី​នានា ដែល​កម្ពុជា​ជា​សមាជិក និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ