ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនរិះគន់ក្រុមហ៊ុនកែលំអផ្លូវលំ២ខ្សែធ្វើខុសកិច្ចសន្យានៅស្រុកកំពង់រោទ៌

10 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ប៉ោ និង​ភូមិ​សំឡី​ខាងជើង​ឃុំ​សំឡី​បាន​រិះគន់​ក្រុមហ៊ុន​ចំនួន​០២ ដែល​ទទួល​ការ​កែ​លំអ​ផ្លូវ​ដី និង​ផ្លូវ​ថ្ម​បំបែក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​នៃ​កិច្ចសន្យា សំណូមពរ​ឲ្យ​អាជ្ញាធរ​ពិនិត្យ និង​ឲ្យ​ក្រុមហ៊ុន​កែ​លំអ​តាម​កិច្ចសន្យា​នៃ​គម្រោង ។ ប្រជាពលរដ្ឋ​សំណូមពរ​នេះ​កើតឡើង…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ប៉ោ និង​ភូមិ​សំឡី​ខាងជើង​ឃុំ​សំឡី​បាន​រិះគន់​ក្រុមហ៊ុន​ចំនួន​០២ ដែល​ទទួល​ការ​កែ​លំអ​ផ្លូវ​ដី និង​ផ្លូវ​ថ្ម​បំបែក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​នៃ​កិច្ចសន្យា សំណូមពរ​ឲ្យ​អាជ្ញាធរ​ពិនិត្យ និង​ឲ្យ​ក្រុមហ៊ុន​កែ​លំអ​តាម​កិច្ចសន្យា​នៃ​គម្រោង ។

ប្រជាពលរដ្ឋ​សំណូមពរ​នេះ​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០២៣ នៅ​ភូមិ​តា​ប៉ោ និង​ភូមិ​សំឡី ខាងជើង​ឃុំ​សំឡី​ស្រុក​កំពង់​រោ​ទ៌ ។ គម្រោង​ទី​១ ប្រជាពលរដ្ឋ​នៅ​ភូមិ​ត​ប៉ោ ឃុំ​សំឡី​បាន​លើក​ឡើង​ថា នៅ​ភូមិ​តា​ប៉ោ​ទទួល​បាន​គម្រោង​កែ​លម្អ​ផ្លូវ ក្រាល​ថ្ម​បំបែក​០១​ខ្សែ ប្រវែង​១,៣៧០​ម៉ែត្រ ទទឹង​០៥​ម៉ែត្រ ក្រាល​ថ្ម​បំបែក​កម្រាស់​០,១៥​ម៉ែត្រ ក្នុង​តម្លៃ​ទឹកប្រាក់​១១០​លាន​រៀល ។ ហើយ​បាន​ប្រកាស​បើក​ការដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ២០២៣ ហើយ​បាន​ដក​គ្រឿងចក្រ នៅ​ថ្ងៃ​ទី​០៨ មិថុនា ២០២៣ ដោយ​ការ​អនុវត្ត​កែរ​លម្អ​ផ្លូវខុស​កិច្ចសន្យា គឺ​ការ​ក្រាល​ថ្ម​បំបែក​ស្តើង​កន្លែង​ខ្លះ​កម្រាស់​០,១០​ម៉ែត្រ កន្លែង​ខ្លះ បាន​តែ​០,០៥​ម៉ែត្រ​ប៉ុណ្ណោះ តាម​កិច្ចសន្យា គឺ​កម្រាស់​០,១៥​ម៉ែត្រ ។

លោក​មេឃុំ សំឡី បាន​មាន​ប្រសាសន៍ ប្រាប់​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​០៩​មិថុនា​ថា ឃុំ​សំឡី​ទទួល​បាន​គម្រោង​កិច្ចសន្យា​កែ​លំអ ផ្លូវលំ​ចំនួន​០២​ខ្សែ គម្រោង​ទី​១ នៅ​ភូមិ​តា​ប៉ោ កែ​លម្អ​ផ្លូវ ១​ខ្សែ ប្រវែង​១,៣៧០​ម៉ែត្រ ទទឹង​០៥​ម៉ែត្រ ក្រាល​ថ្ម​បំបែក កម្រាស់​០,១៥​ម៉ែត្រ ដែល​មាន​ទឹកប្រាក់​១១០​លាន​រៀល ។ បាន​ដាក់​ដេញថ្លៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០២៣ មាន​ក្រុមហ៊ុន​ចូល​ដាក់​សំណើរ​ដេញថ្លៃ​ចំនួន​០៣​ក្រុមហ៊ុន លទ្ធផល​បាន​ទៅ​លើ​ក្រុមហ៊ុន​រស្មី​វង់​ភ​គ្រ័ ក្នុង​ទឹកប្រាក់​១១០​លាន​រៀល ។

លោក​មេឃុំ​បាន មាន​ប្រសាសន៍​ទៀត​ថា ក្រុមហ៊ុន បាន​ចុះ​អនុវត្ត​គម្រោង នៅ​ថ្ងៃ​ទី​២៨ ឧសភា ២០២៣ ហើយ​បាន​ប្រជុំ​បើក​ការដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា ២០២៣ ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​លោក សុច ពិសី អភិបាលស្រុក​កំពង់​រោ​ទ៌ ។ ហើយ​ហើយ​ក្រោយ​ពី​បើក​ការ​ដ្ឋា បាន​០៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០៨ មិថុនា ២០២៣ ក្រុមហ៊ុន​បាន​ដក​គ្រឿងចក្រ​ចេញ ទើប​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ​នៃ​តំណាង​គណកម្មការ​ម្ចាស់​គម្រោង បាន​ចុះ​ទៅ​ពិនិត្យ​មើលផ្លូវ​ក្រាល​ថ្ម​បំបែក ឃើញ​ថា ការ​ក្រាល​ថ្ម​បំបែក​របស់​ក្រុមហ៊ុន គឺ​ស្តើង​មែន លោក​មេឃុំ​ក៏​បាន​ហៅ​ក្រុមហ៊ុន​ទទួល​ការ​មក​សាកសួរ ក្រុមហ៊ុន ប្រាប់​ថា ក្រុមហ៊ុន​ទើបតែ​អនុវត្ត​បាន​៥០​ភាគរយ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ដក​គ្រឿងចក្រ​ទៅ​ធ្វើ​កន្លែង​ផ្សេង​សិន ដល់​ស​ប្តា​ហ៌​ក្រោយ​ទើប​យក​ថ្ម មក​ចាក់​បន្ថែម​កន្លែង​ណា​ដែល​ស្តើង​មិន​ទាន់​គ្រប់​តាម​កិច្ចសន្យា ។

លោក​មេឃុំ​បន្ត​ទៀត​ថា នៅ​ពេល​ណា​ក្រុមហ៊ុន​រស្មី​វង់​ភ​គ្រ័យ​ក​ថ្ម និង​គ្រឿងចក្រ​មក​ធ្វើ​បន្ត រួច​ដាក់​សំណើរ​បញ្ចប់​គម្រោង​ក្រុមការងារ​នៃ​គណកម្មការ​បច្ចេកទេស លទ្ធកម្ម​ឃុំ ស្រុក និង​ខេត្ត​ចុះ​ពិនិត្យ​ឃើញ​ថា ត្រូវ​តាម​គម្រោង​កិច្ចសន្យា ទើប​ទទួល និង​បើកប្រាក់​ជូន​ក្រុមហ៊ុន ។

ចំពោះ​គម្រោង​ទី​២ នៅ​ភូមិ​សំឡី​ខាងជើង គឺ ៖ ជា​គម្រោង​កិច្ចសន្យា កែ​លម្អ ផ្លូវ​ដី​០១​ខ្សែ ប្រវែង​២,៩២០​ម៉ែត្រ ទទឹង​០៦​ម៉ែត្រ កម្ពស់​០,៤០​ម៉ែត្រ ដែល​មាន​ទឹកប្រាក់​១៦៧​លាន​រៀល ក្រុមហ៊ុន​ដេញថ្លៃ​បាន​ទៅ​ក្រុមហ៊ុន​គង់ សុ​ភី ។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​លើក​ឡើង ក្រុមហ៊ុន​យក​ដី​ស្អុយ ទៅ​ចាក់​ធ្វើ​ផ្លូវ​នោះ លោក និង​ក្រុមការងារ​តំណាង​ម្ចាស់​គម្រោង​របស់​ឃុំ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ គឺ​មុន​ដំបូង​ក្រុមហ៊ុន​បាន​យក​ដី​ល្អ គឺ​ជីរ​ណ្តៅ​ដី ដីឥដ្ឋ ចាក់​បាន​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ក៏​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ដី​ចូល​ទៅ​ដឹក​ដី នៅ​កន្លែង​រណ្តៅ​ដីលែង​បាន​ទើប​ក្រុមហ៊ុន​សុំ​ប្តូ​ទីតាំង ទៅ​យក​ដី​នៅ​ឯ​បឹង​មក​ជំនួស ដោយ​អ​ជ្ញា​ធរ​មិន​អាច​រារាំង​ការងារ​ក្រុមហ៊ុន ម្យ៉ាង​ខ្លាច​ភ្លៀង​នាំ​ឲ្យ​រាំងស្ទះ​ក្រុមហ៊ុន​ក៏​យល់ព្រម​ឲ្យ​ទៅ​យក​ដី បឹង​ក្នុង​អាង​ទំនប់​ដូន​ទយ មក​ដាក់​ធ្វើ​ផ្លូវ ។

ហើយ​ពេល​មាន​ប្រជាពលរដ្ឋ​ប្រតិកម្ម លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ដែល​ក្រុមហ៊ុន​គង់​សុ​ភី យក​មក​ចាក់​ធ្វើ​ផ្លូវ​នោះ គឺជា​ប្រភេទ​ល្បាយខ្សាច់ និង​មាន​លាយ​ដីខ្មៅ​២៥​ភាគរយ ហើយ​ក្រុមហ៊ុន​បាន​ចាក់​ដី​បឹង​នេះ ប្រវែង​ប្រមាណ​ជា​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ដី​មិនសូវ​ល្អ ទើប​លោក​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​យក​ដី​បឹង ប្តូរ​រក​អាចម៍ដី​ល្អ​មក​ធ្វើ​ផ្លូវ​បន្ត ក្រុមហ៊ុន​ក៏​បាន​យល់ព្រម ។

លោក​មេឃុំ​បន្ត​ទៀត​ថា ឃុំ​មាន​លោក​មេ​ភូមិ​ជា​តំណាង​ឲ្យ​ម្ចាស់​គម្រោង​នៅ​មើល​គ្រប់​ដំណើរការ បើ​ក្រុមហ៊ុន​ទទួល​ការ​អនុវត្ត​មិន​ត្រូវ​តាម​ស្តង់ដា បច្ចេកទេស​នៃ​កិច្ចសន្យា​ឃុំ​មិន​ទទួលយក និង​មិន​បើកប្រាក់​ជូន​ក្រុមហ៊ុន​ទេ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក គង់ សុ​ភី ប្រធាន​ក្រុមហ៊ុន​គង់​សុ​ភី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដោយ​មាន​ភ្លៀង​ប៉ុន្មាន​ថ្ងៃ ធ្វើ​ឲ្យ​រថយន្ត​ដឹក​ដី​មិន​អាច​ចូល​ទៅ​ដឹក​អាច​ម៌​ដី​នៅ​រណ្តៅ​ដី​បាន លោក​បាន​ប្តូរ​ទៅ​ជីក​យក​អាច​ម៌​ដី​នៅ​ឯ​បឹង​វិញ ហើយ​ដី​នោះ​មាន​របាយ​ខ្សាច់ និង​ដីឥដ្ឋ​ពណ៌​ខ្មៅ មិនមែន​ជា​ដី​ស្អុយ​ទេ អ្នកបច្ចេកទេស​គេ​យក​ចូល​ឡា​បូរ ទើប​ដឹង គឺជា​ប្រភេទ​ដី​ល្អ ពេល​ដីឥដ្ឋ​ខ្មៅ​នេះ​រឹង គឺ​រឹង​ដូច​ថ្ម ហើយ​ក្រុមហ៊ុន​លោក គឺ​ទទួល​ការ​អនុវត្ត​គម្រោង​កែ​លំអ​ផ្លូវ​តាម​កិច្ចសន្យា ហើយ​ពេល​បញ្ចប់​គម្រោង​ប្រគល់​ឲ្យ​ក្រុមការងារ​គណកម្មការ​បច្ចេកទេស​ពិនិត្យ​រួច​ឃើញ​ថា ត្រូវ​តាម​កិច្ចសន្យា​ទើប​ប្រគល់​ផ្លូវ​ជូន ហើយ​បើក​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​រយៈពេល​ថែទាំ​០៦​ខែ បើ​ស្រុត​ខូច​នោះ​ក្រុមហ៊ុន​ជួសជុល​ឲ្យ​វិញ ។ ចំណែក​ក្រុមហ៊ុន​រស្មី​វង់​ភ​គ្រ័​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៩ មិថុនា​២០២៣​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ