រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តិទៅ ដោយភាពស្ងប់ស្ងាត់ គ្មានហិ.ង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសគណបក្សនយោបាយ របស់ប្រជាជន ។
ការបញ្ជាក់របស់សម្តេចតេជោ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ក៏បានប្រកាសឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ដោយសារការបោះឆ្នោត ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោតមិនយូរនោះទេ ។
សម្តេច បានបញ្ជាក់ថា ៖ «សូមអ្នកទាំងអស់ គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រឹត្យ សម្រាប់ការបោះឆ្នោតមួយ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា ដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តិទៅ ដោយភាពស្ងប់ស្ងាត់ គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសគណបក្សនយោបាយរបស់ប្រជាជន» ។
សម្តេចតេជោ ក៏បានលើកឡើងចំពោះវិធានការនានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការចំពោះអ្នកបន្ទុកបង្អាក់ នូវសិទ្ធិបោះឆ្នោត ចំពោះដំណើរការបោះឆ្នោតនោះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសរួចហើយ បន្ទាប់ពីមានអ្នកខ្លះ ប្រកាសមិនទៅបោះឆ្នោតទេ ព្រោះអត់គណបក្សភ្លើងទៀន ។
ចំពោះអ្នកប្រកាសថា មិនទៅបោះឆ្នោតដោយសារគ្មានគណបក្សនេះ គណបក្សនយោបាយនោះ ត្រូវសម្តេចតេជោ ប្រកាសថា៖ «អ្នកឯងសាកមើលថា វាយ៉ាងណា ? គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់នឹងស្នើមករាជរដ្ឋាភិបាលចាត់វិធានការ អាហ្នឹង រឿងមួយផ្សេងទៀត» ។
សម្តេចតេជោ ក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ទាំងអស់គ្នា ។ សម្តេច ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគ្រាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ហើយសង្ឃឹមថា ប្រជាជនបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ ផងដែរ ៕
ចែករំលែកព័តមាននេះ