រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថា គម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែតនឹងចុះហត្ថលេខា ដើម្បីការសិក្សាសាងសង់នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងនាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ថ្ងៃនេះរួចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿន ចាប់ពីភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែតផងដែរ ។

សម្ដេចតេជោ បានបញ្ជាក់ថា «យើងនឹងចាប់ផ្ដើមចុះហត្ថលេខានៅម៉ោង២រសៀលនេះ អំពីការសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាបទៅប៉ោយប៉ែត ហើយល្បឿនលឿននេះវានឹងកើតមុនពេលខ្ញុំស្លា.ប់ ។ ទោះបីខ្ញុំមិនធ្វើនាយករដ្ឋមន្ដ្រីបន្ដ ក៏ប៉ុន្ដែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជន គេដឹកនាំយ៉ាងម៉េច? ហើយយើងគាំទ្រលើកទឹកចិត្តឲ្យគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ» ។

សូមបញ្ជាក់ថា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីនេះនៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ ។ ប៉ុន្ដែគម្រោងផ្លូវនេះអាចនឹងមានប្រវែងវែងជាងគម្រោងផ្លូវទី១ និងផ្លូវទី២ ហើយចំពោះថវិការក៏នឹងអាចចំណាយច្រើនជាងផងដែរ ។

សូមជម្រាបផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ ហើយនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួច រាល់លើទុនវិនិយោគជាង២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគជិត១ពាន់លាន ៧រយលានដុល្លារដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ៕
ចែករំលែកព័តមាននេះ