ប្រមុខអង្គការអូតង់ លោក Anders Fogh Ramussen កាលពីថ្ងៃទី៤ ឧសភា កន្លងមក បានទទូចឱ្យប្រទេសប៉ាគីស្ថានបង្កើនការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយថ្លែងថា ប្រតិបត្តិការរបស់កងកុំម៉ង់ដូអាេមរិកដែលសម្លាប់អូសាម៉ា ប៊ីនឡាដេន ជារឿងយុត្តិធម៌ ។ លោក Anders Rasmussen ទទូចដូច្នេះក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក ។ លោក Anders ថ្លែងប្រាប់សន្និសីទកាសែតនោះថា យើងបានជំរុញអាជ្ញាធរប៉ាគីស្ថានឱ្យពង្រឹង និងបង្កើនការប្រយុទ្ធប្រឆាំងភេរវកម្ម និងពួកជ្រុលនិយមនៅតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ។ លោកថ្លែងទៀតថា ទាក់ទិនទៅនឹងភេរវកម្មយើងឃើញមានការរីកចម្រើនយ៉ាងខ្លាំងនាពេលកន្លងមក ប៉ុន្តែយើងត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងដើម្បីទទួលបានវឌ្ឍនភាពច្រើនថែមទៀត ។
លោកអគ្គលេខាធិការអូតង់ថ្លែងទៀតថា យើងត្រូវតែធ្វើកិច្ចសហប្រតិបត្តិការឱ្យបានសកម្មជាមួយរដ្ឋាភិបាល និងយោធាប៉ាគីស្ថានដើម្បីពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនៅតំបន់ព្រំដែន ។
ប្រទេសប៉ាគីស្ថានពេលនេះបានព្យាយាមការពារខ្លួន ចំពោះការចោទប្រកាន់ដែលថា ហេតុអ្វីបានជាមេដឹកនាំអាល់កៃដាអូសាម៉ា ប៊ីនឡាដេន ដែលទើបត្រូវបាញ់ស្លាប់អាចរស់នៅយ៉ាងសុខស្រួលក្នុងនិវេសនដ្ឋានដ៏ស្កឹមស្កៃ ក្បែររដ្ឋធានីរបស់ខ្លួន។
លោក Anders ថ្លែងថា វាមានសារសំខាន់បំផុតក្នុងការធ្វើឱ្យប្រទេសប៉ាគីស្ថានបន្តជាប់ពាក់ព័ន្ធដើម្បីពង្រឹងភាពជាដៃគូជាមួយអូតង់ ។
ទោះបីជាបែបណា លោក Anders គូសបញ្ជាក់ថា ការស្លាប់របស់ប៊ីនឡាដេន មិនមែនមានន័យថា សង្គ្រាមនៅអាហ្វហ្គានីស្ថានចប់
នោះទេ ដែលនៅទីនោះកងកម្លាំងបរទេស១៤០.០០០នាក់ ដឹកនាំដោយអូតង់កំពុងប្រយុទ្ធប្រឆាំងជាមួយពួកតាលីបង់អស់រយៈពេលជិតមួយទសវត្សមកហើយ ក្រោយពីការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ប្រឆាំងអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ