រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ និងឥណ្ឌូណេស៊ីគ្រោងនឹងជួបពិភាក្សាគ្នាពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីកើតមានសភាពការណ៍តានតឹងឆ្នាំ២០០៨ និងថ្ងៃទី២២ មេសា ២០១១ កន្លងមកនេះ ។ នេះបើយើងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសដែលបានថ្លែងក្នុងសន្និសីទកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលឡើងយន្តហោះទៅប្រទេសឥណ្ឌូណេស៊ី កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៥ ឧសភា នេះ ។
លោកហោ ណាំហុង បានថ្លែងទៀតថា ប្រសិនបើកិច្ចប្រជុំនៅឥណ្ឌូណេស៊ី ថៃព្រមចុះហត្ថលេខាទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកត្រួតពិនិត្យ និងតាមដានពីបទឈប់បាញ់គ្នានោះ កម្ពុជានឹងសុំស្នើឱ្យក្រុមអ្នកសង្កេតការណ៍ទាំងនោះមកឱ្យបានឆាប់ រួចហើយទុកលទ្ធភាពឱ្យក្រុមកាងារគណៈកម្មការព្រំដែននៃប្រទេសទាំង២ ធ្វើកិច្ចការងាររបស់ខ្លួនបន្តទៀត ។ លោកហោ ណាំហុង បានបញ្ជាក់ដែរថា ព័ត៌មានក្រៅផ្លូវការកាលពីថ្ងៃពុធម្សិលមិញបានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមទទួលយកក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់ព្រំដែន ដើម្បីតាមដានពីបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នោះហើយ ។ លោកប្រមុខការទូតកម្ពុជាបន្តថា កាលពីថ្ងៃម្សិលមិញ កម្ពុជាបានឆ្លើយតបលក្ខខណ្ឌប្រតិបត្តិចំនួន៧រួចហើយទៅប្រធានអាស៊ានគឺប្រទេសឥណ្ឌូណេស៊ី ។
សម្រាប់ការងារដាក់ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅក្នុងទឹកដីកម្ពុជានោះ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែរក្សាទីតាំងចំនួន៣ដដែល គឺនៅចំណុចតាសឹម ចាក់ច្រែង និង៥មករា ដោយឡែកភាគីថៃ បានដកចំណុចមួយចេញ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជានោះហើយ គឺតំបន់ស្វាយជ្រំ ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេស ក៏បានទទួលកំណត់ទូតមួយពីភាគីថៃ ដែលនិយាយទាក់ទិននឹងការងារផ្ទៃក្នុងរបស់ខ្លួន នោះគឺថាកំណត់ហេតុទាំង៣ក្នុងសំណុំរឿងព្រំដែនដែលភាគីទាំង២បានចុះហត្ថលេខាតាំងពីឆ្នាំ២០០៨ មិនត្រូវចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាថៃនោះឡើយ ៕
ចែករំលែកព័តមាននេះ