រាជធានីភ្នំពេញ ៖ លោកប៉ិល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ បានធ្វើការណែនាំ និងដាស់តឿនជាចំហដល់មន្ត្រីដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌទាំងអស់់ ត្រូវតែយកចិត្តទុកដាក់ខំប្រឹងប្រែងធ្វើការពិនិត្យនិងសិក្សាឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានា ជាពិសេសឯកសារកម្មវិធីផែនការវិនិយោគ៣ឆ្នាំរំកិល ។
លោកប៉ិល កុសល បានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខណ្ឌដង្កោ លើកទី២៤ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ នៅក្នុងសាលប្រជុំតូច សាលាខណ្ឌដង្កោ ។ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះរួមមានលោកហែម ដារិទ្ធិ អភិបាលរងខណ្ឌ មន្ត្រីក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមន្ត្រីការិយាល័យជុំវិញខណ្ឌ និងចៅសង្កាត់ ចៅសង្កាត់រងទូទាំងខណ្ឌ ។ លោកប៉ិល កុសល បានថ្លែងថា កម្មវិធីផែនការវិនិយោគ៣ឆ្នាំរំកិលនេះ កាន់តែមានការលំបាកស្មុគស្មាញ និងសាំញ៉ាំខ្លាំងណាស់ ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ពីពេលឥឡូវនេះទៅទេ នោះបន្តិចទៀតវាកាន់តែជួបការលំបាកខ្លាំងថែមទៀតមិនខានឡើយ។
នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីក្រុមប្រឹក្សាខណ្ឌក៏បានលើកឡើងនូវសំណួរផ្សេងៗសួរទៅគណៈអភិបាល និងមន្ត្រីការិយាល័យជំនាញជុំវិញខណ្ឌក្នុងនោះមានសំណួរពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម នគរូបនីយកម្មនិងសំណង់ ការងារសន្តិសុខផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងកម្មវិធីផែនការវិនិយោគ៣ឆ្នាំរំកិលតែម្តង ។ សូមបញ្ជាក់ថា សំណួររបស់មន្ត្រីក្រុមប្រឹក្សាខណ្ឌត្រូវបានបកស្រាយដោយគណៈអភិបាលខណ្ឌ និងមន្ត្រីការិយាល័យជំនាញជុំវិញខណ្ឌ ៕
ចែករំលែកព័តមាននេះ