ភ្នំពេញ៖ ក្នុងសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត នាយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដាក់ចដេញនូវបទបញ្ជាម៉ឺងម៉ាត់ឱ្យរដ្ឋមន្ត្រី និងអាជ្ញាធរដែនដី ត្រូវទប់ស្កាត់ និងបង្ក្រាបជនខិលខូចកាប់ព្រៃ និងរានយកដី នៅពេលជិតបោះឆ្នោត ពេលនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយសារតែជិតកៀកបោះឆ្នោត ពួកខិលខូច បាន និងចាប់ផ្តើមធ្វើសកម្មភាព ក្នុងការកាប់ទន្ទ្រានយកដីធ្លី ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
សម្តេចតេជោ បន្ថែមថា «យើងសង្កេតឃើញថា ឱ្យតែជិតដល់ថ្ងៃបោះឆ្នោត ការកាប់បំផ្លាញព្រៃឈើ និងការកាប់រានទន្ទ្រានយកដី គឺតែងតែកើតមាន។ ដូច្នេះខ្ញុំសូមរម្លឹកចំពោះក្រសួង ដែលមានការពាក់ព័ន្ធ ជាបិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំង រារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូច ដែលឆ្លៀតឱកាសនូវពេលវេលា ដែលរាជរដ្ឋាភិបាល កំពុងជាប់រវល់ទៅលើកិច្ចការទាក់ទងនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ។ បញ្ហាទាំងអស់នេះ ក៏ត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ សូមយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមមេត្តាគោរពច្បាប់ និងសូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់ទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។ យើងមិនអាចលើកលែង ហើយយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោត សម្រាប់មនុស្សប៉ុន្មាននាក់នោះទេ។ យើងត្រូវធ្វើកិច្ចការ ដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ។ យើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណា ដែលល្មើសច្បាប់ នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាល កំពុងជាប់រវល់។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវឱ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាច ដែលឈរនៅពីខាងក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីទៅកាប់ទន្ទ្រានយកដី ព្រៃឈើ ឱ្យដកខ្លួនចេញជាបន្ទាន់។ ប្រសិនបើស្រាវជ្រាវទៅរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់អោន ហើយក៏នឹងមិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងជនខិលខូចនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរម្លឹកដល់រដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត ឱ្យអនុវត្តនូវបទបញ្ជាផ្ទាល់មាត់របស់សម្តេចនេះ ដោយត្រូវចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី។ ត្រូវធ្វើកិច្ចការងារនេះ ជាបន្ទាន់ដោយមិនពន្យារពេល ហើយកិច្ចការងារនេះ ត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើង ងើបឡើងសាជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ៕


ចែករំលែកព័តមាននេះ