(ហាណូយ)៖ ប្រទេសវៀតណាម មិនស្ថិតនៅក្នុងបញ្ជីនៃគម្រោងបើកហាង Apple Stores របស់ក្រុមហ៊ុន Apple ឡើយ។

Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកគ្រោងនឹងសាងសង់ កែលំអ ឬផ្លាស់ប្តូរ ទីតាំងចំនួន១៥ នៅក្នុងប្រទេសចិន ៥នៅប្រទេសជប៉ុន ៣នៅឥណ្ឌា ២នៅកូរ៉េខាងត្បូង និងមួយកន្លែងនៅម៉ាឡេស៊ី និងអូស្ត្រាលី។
នេះមានន័យថា ម៉ាឡេស៊ីនឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍បន្ទាប់ដែលនឹងមាន Apple Store បន្ទាប់ពីសិង្ហបុរី និងថៃ។
ក្រុមហ៊ុន Apple កាលពីខែមុនបានបើកដំណើរការលក់អនឡាញមួយសម្រាប់អតិថិជនវៀតណាម ហើយអ្នកវិភាគបានរំពឹងថានេះនឹងនាំទៅដល់ការបើកហាងនៅក្នុងប្រទេស។ ជាពិសេសក្រុមហ៊ុន Apple បាននិងកំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមប្រភពដដែល ហាងលក់រាយថ្មីដែលគួរឱ្យកត់សម្គាល់បំផុតដែលកំពុងពិភាក្សា ឬកំពុងអភិវឌ្ឍរួមមានទីតាំងចំនួន ៣ នៅក្នុងប្រទេសឥណ្ឌា ហាងដំបូងរបស់ក្រុមហ៊ុននៅក្នុងប្រទេសម៉ាឡេស៊ី និងហាង Apple Store ដែលត្រូវបានកែលម្អនៅក្នុងតំបន់ Opera ទីក្រុងប៉ារីស។
បច្ចុប្បន្ននេះ Apple មានហាងលក់រាយច្រើនជាង៥២០ទីតាំង នៅក្នុងប្រទេសចំនួន ២៦ ដោយប្រហែលពាក់កណ្តាលនៃហាងទាំងនោះមានទីតាំងនៅសហរដ្ឋអាមេរិក៕



ចែករំលែកព័តមាននេះ