ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកលែងពន្ធលើដី និងផ្ទះ នៅក្រុងឧដុង្គម៉ែជ័យ ក្រុងអរិយក្សត្រ ក្រុង​សំពៅពូន និងក្រុងបូកគោ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានចេញលិខិត សម្រេចលើកលែង​ពន្ធលើអចលនទ្រព្យ ( ដី និងផ្ទះ ) ចំពោះអចលន​ទ្រព្យ ស្ថិត​ក្នុងក្រុងឧដុង្គ​ម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុង​បូកគោ នៃខេត្តកំពត​។

ប្រកាស ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បង្ហាញថា ត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ​ រហូតដល់​ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យ​ ដែលស្ថិត​នៅក្នុងក្រុង​ឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត​។

ប្រកាសដដែល បានកំណត់ថា ក្នុងករណីអចលនទ្រព្យ​ ស្ថិតក្នុង​ក្រុងឧដុង្គម៉ែជ័យ ក្រុងអរិយក្សត្រ ក្រុង​សំពៅពូន និងក្រុងបូកគោ បានបង់​ពន្ធលើអចលនទ្រព្យរួចហើយ ចំនួន​ប្រាក់ពន្ធ ដែលបាន​បង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យ​ធ្វើជាឥណទាន​យោង សម្រាប់យកទៅកាត់កងពន្ធ​លើ​អចលនទ្រព្យ សម្រាប់ឆ្នាំបន្តបន្ទាប់។ ក្នុងនោះ ម្ចាស់​អចលនទ្រព្យ ត្រូវស្នើសុំ​ឥណទាន​ពន្ធលើអចលនទ្រព្យ ដែលបានបង់រួច នៅសាខាពន្ធដារខេត្ត​ ដែលអចលន​ទ្រព្យ ស្ថិតនៅ ឬ​នៅអគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់យកទៅកាត់​កងពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ​ជាប់ពន្ធ​បន្តបន្ទាប់​៕