ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នចាញ់បោកគេ! មកដល់ពេលនេះ កម្ពុជា-អូស្ត្រាលី មិនទាន់មានកិច្ចព្រមព្រៀង​បញ្ជូន​​ពលករកម្ពុជា ទៅធ្វើការនៅអូស្ត្រាលីទេ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោក​ប្រាស់ទាក់​ទាញពលករពីកម្ពុជា ឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលី ផ្នែកកសិកម្ម និងនេសាទ។ ពោលគឺ មកដល់ពេលនេះ កម្ពុជា និងអូស្ត្រាលី មិនទាន់​មិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូន​ពលករកម្ពុជា ឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។

ការឯកភាពគ្នានេះ បានធ្វើឡើ ក្នុងជំនួបពិភាក្សាការងាររវាងលោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា នៅថ្ងៃទី៥មិថុនាឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងការងារ។​

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា កន្លងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ ដោយ​អំពាវនាវ សូមឱ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពើ​ឆបោកដែលជនទុច្ចរិត ដែលធានាផ្តល់ឱកាសការងារ នៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋ​បង់ប្រាក់ជាមុន  ដែលរហូតមកដល់ពេលនេះ កម្ពុជា និងអូស្រ្តាលី មិនទាន់មានកិច្ច​សហប្រតិបត្តិការ​លើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។

លោករដ្ឋមន្ត្រី បានក្រើនរំលឹក និងអំពាវនាវសា​ជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំចាញ់បោកពួក​មេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួង បើសិនមានភ្នាក់ងារជ្រើសរើសណាមួយ ធ្វើការជ្រើសរើស និងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី។​

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុប​បំបាត់​នូវ​ការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។

លោក ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះ គឺបង្កមហន្តរាយច្រើនណាស់ ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះជាច្រើនទៀត ដែលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។

ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ បាន និងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូស នៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជា កំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងទៅកាន់​ឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាល​កម្ពុជា បន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាង​សំខាន់៕ អ៊ាង ប៊ុនរិទ្ធ