រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ លោកស្រី កែ ឡេង ដែលកំពុងសម្រាកទទួលការព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោយទទួលបានជោគជ័យ ក្នុងការវះកាត់ឈាមកក ក្នុងខួរក្បាល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរដល់លោកស្រី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ជាប់ៗគ្នា ឆាប់ជាសះស្បើយពីជំងឺ ។
នៅព្រឹកថ្ងៃចន្ទនេះ វីរកីឡាការិនី កែ ឡេង បានចេញពីបន្ទប់វះកាត់ហើយ ក្រោយពីវះកាត់ឈាមកក ក្នុងខួរក្បាល នៅមន្ទីរពេទ្យកេតុមាលា ទទួលបានជោគជ័យ ហើយពេលនេះ កំពុងស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យ ។
គួរជម្រាបឡើងវិញថា ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយសារបញ្ហាសុខភាពរបស់លោកស្រី ដោយលោកស្រីថា មិនអាចទ្រាំទ្រតទៅមុខទៀតបាន ។
លោកស្រី កែ ឡេង ប្រាប់បន្តថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយ មិនអាចបន្តស៊ូទ្រាំ នឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបានទេ ។
បច្ចុប្បន្ន លោកស្រី កែ ឡេង មានវ័យប្រមាណ ៦០ឆ្នាំហើយ ពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់ច្រើនម៉ោង ក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រី ក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួន ក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធា ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ។
កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុ តែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (កូនប៊ី) ដើម្បីវាយឱ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាស ពីការប្រកួតជើងឯកពិភពលោករហូតដល់ ៤សម័យកាល ជាប់ៗគ្នា បែបនេះឡើយ ។
មកដល់ពេលនេះ លោកស្រី មិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ណាម្នាក់ អាចស្នងដំណែងរបស់លោកស្រីបាននៅឡើយទេ ។
សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ។ ភាពល្បីល្បាញនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិ បានផ្តល់សិទ្ធិឱ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។
នៅក្នុងឋានៈជាម្ចាស់ផ្ទះជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាស លើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោក ជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី ។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ ៕










ចែករំលែកព័តមាននេះ