ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា សម្អាត​ស្មៅ និង​រុក្ខជាតិ​តូច​ៗ នៅ​ប្រាសាទតាព្រហ្ម

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដូវវស្សា​ជា​រដូវ ដែល​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឱ្យ​រុក្ខជាតិ​តូច​ធំ ដុះ​យ៉ាង​ស្រស់បំព្រង តែ​រុក្ខជាតិ​ទាំងនោះ ក៏​មាន​ផល​ប៉ះពាល់​ខ្លះ​ៗ​ដែរ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ធ្វើការ​សម្អាត​ស្មៅ និង​រុក្ខជាតិ​តូច​ៗ ដែល​ដុះ​នៅ​លើ​ប្រាសាទ​ជា​ប្រចាំ ដើម្បី​រក្សា​សោភ័ណ​ភាព ការពារ​កុំឱ្យ​ស្មៅ និង​រុក្ខជាតិ​ទាំងនោះ បំផ្លាញ​ភាព​ស្រស់​ស្អាត​។ ចំណែកឯ ឫស​របស់​វា ក៏​បង្ក​ឱ្យ​ខូចខាត​ដល់​ថ្ម និង​រចនា​សម្ពន្ធ​ប្រាសាទ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​របស់​ប្រាសាទ​ដែរ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០២៣​នេះ ។

បើ​យោង​តាម​លោក ងិ​ន ធី ប្រធាន​កម្មករ​ផ្នែក​សម្អាត​ប្រាសាទ បានអោយ​ដឹង​ថា ការ​សម្អាត​នេះ ធ្វើ​ឡើងជា​ញឹកញាប់​ជាងគេ គឺ​នៅ​រដូវវស្សា ព្រោះ​មាន​ភ្លៀង​ធ្លាក់​ងាយ​ធ្វើ​ឱ្យ​រុក្ខជាតិ​តូច​ៗ និង​ស្មៅ​ដុះ​លឿន ។ រីឯ បច្ចេកទេស​ក្នុង​ការ​សម្អាត​តាម​ប្រាសាទ​ធ្វើ​ឡើង​ដោយ​មាន​ជណ្ដើរ មួក​សុវត្ថិភាព ក្នុង​ការ​រក្សា​សុវត្ថិភាព​ពេល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ ឬ​ផ្នែក​ផ្សេង​ៗ ដើម្បី​ដកស្មៅ និង​កូន​រុក្ខជាតិ​តូច​ៗ៕