ផ្លែមង្ឃុតខ្ចីក៏អាចធ្វើជាម្ហូបចម្រុះ ដូចជាជ្រលក់អំបិល, ជាបន្លែអន្លក់ ឬក៏ស្ងោរញ៉ាំបាន ។ ពិតណាស់ នៅពេលដែលយើងឮហើយ ប្រាកដជាម្នាក់ៗលាន់ថា «ពិតឬ?, មិនដែលឮ, មិនជឿ, មិនដែលសាកទេ, តើផ្លែមង្ឃុតខ្ចីអាចញ៉ាំបានដែរ? » ។

កន្លងមក យើងធ្លាប់តែញ៉ាំពេលផ្លែវាទុំ និងធ្លាប់តែឮពាក្យចចាមអារ៉ាមថា «មិនអាចហូបផ្លែមង្ឃុតជាមួយស្ករបានទេ ព្រោះវាបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន» ។

យោងតាមការចុះរបស់សារព័ត៌មាន Vnexpress ធ្លាប់បានចុះផ្សាយដែរថា បច្ចុប្បន្ននេះ ផ្លែមង្ឃុតខ្ចីកំពុងមានតម្លៃខ្លាំងនៅលើទីផ្សារ ដោយក្នុង១គីឡូវាមានតម្លៃរហូតដល់ជាង១២០ដុល្លារឯណោះ នៅសហរដ្ឋអាមេរិក និងកម្រមានទៀតផង ។ រីឯនៅប្រទេសវៀតណាម និងប្រទេសថៃវិញក៏មានប្រជាពលរដ្ឋពេញនិយម និងសម្រុកទិញផ្លែមង្ឃុតខ្ចីនេះ មកធ្វើជាម្ហូបអាហារញ៉ាំផងដែរ ។

ដោយឡែក នៅកម្ពុជាយើងវិញក៏បានឃើញបងប្អូនជាអ្នកលក់អនឡាញមួយចំនួនបានផ្សព្វផ្សាយលក់ផ្លែមង្ឃុតខ្ចីនេះដូចគ្នា ដោយគាត់បានប្រាប់ពីរបៀបបក និងរបៀបធ្វើចិតផ្លែមង្ឃុតខ្ចីនេះញ៉ាំជាមួយសាច់មាន់ ។ ក្នុងនោះ អ្នកលក់បានថតជាវីដេអូប្រាប់របៀបចិតផ្លែមង្ឃុតខ្ចីជាចំណិតស្តើងយកទៅស្ងោរជាមួយសាច់មាន់ក៏មានដែរ ។

សូមបញ្ជាក់ថា ការយកផ្លែមង្ឃុតខ្ចីមកញ៉ាំ ឬយកមកចម្អិនជាអាហារញ៉ាំបាននេះ កំពុងក្លាយជាប្រធានបទដ៏ថ្មីសន្លាងមួយ ដែលមនុស្សភាគច្រើនណាស់បានឆ្ងល់ និងមិនដែលបានញ៉ាំវានោះទេ ដែរ ហើយក៏មិនដែលឮពីចាស់ៗប្រាប់នោះដែរ ។

តើបងប្អូនណាខ្លះធ្លាប់បានញ៉ាំផ្លែមង្ឃុតខ្ចីនេះ? តើបងប្អូនមានយោបល់យ៉ាងណាចំពោះការញ៉ាំផ្លែមង្ឃុតខ្ចីនេះ ?



ចែករំលែកព័តមាននេះ