ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៤ ឧសភា នៅស្រុកថ្មពួក ចន្លោះពេលតែមួយម៉ោងប៉ុណ្ណោះ មានមនុស្សស្លាប់ចំនួន២នាក់ ដែលម្នាក់ស្លាប់ដោយអួលបាយ និងម្នាក់ទៀតស្លាប់ដោយជំងឺគាំងបេះដូង ។ តាមព័ត៌មានពីលោកអនុសេនីយ៍ឯក យ៉ត រាយ អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ មានប្រជាកសិករម្នាក់ឈ្មោះយ៉ត វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក បានទៅភ្ជួរដីសណ្តែកនៅចំណុចភូមិអន្លង់ត្រាច ឃុំថ្មពួក ។ ពេលទៅដល់ចំការជនរងគ្រោះបានហូបបាយ ទើបតែហូបបាន២-៣ម៉ាត់ ស្រាប់តែ អួលបាយស្ទះខ្យល់ស្លាប់នៅនឹងដីចំការនោះតែម្តង ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមករៀបចំធ្វើបុណ្យតាមប្រពៃណី។ នៅថ្ងៃដដែលនេះដែរ វេលាម៉ោង៩ព្រឹក មានបុរសចំណាស់ម្នាក់ទៀតបានគាំងបេះដូងស្លាប់ ខណៈពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ លោកអធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះព្រឿង ស៊ុយ ភេទប្រុស អាយុ៦២ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសកាណាដា បានមកលេងស្រុកកំណើតកាលពីថ្ងៃ ទី២០ មេសា ឆ្នាំ២០១១ ។ លុះវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ ជនរងគ្រោះបានកើតជំងឺគាំងបេះដូង ហើយក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ គឺខុសគ្នាតែ១ម៉ោងប៉ុណ្ណោះពីករណីទី១។
លោកអធិការបានបញ្ជាក់ថា បើតាមការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះត្រូវវិលត្រឡប់ទៅប្រទេសកាណាដាវិញ នៅថ្ងៃទី២២ ឧសភា ខាងមុខនេះ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ