ក្រុងប៉ោយប៉ែត ៖ រថយន្តធំៗដែលផ្ទុកទំនិញនៅក្រុងប៉ោយប៉ែតបាននិងកំពុងយកដងផ្លូវសាធារណៈលើកដាក់ទំនិញយ៉ាងអនាធិបតេយ្យ បង្កការលំបាកដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ព្រោះតែផ្លូវតូចចង្អៀត ។ ការយកដងផ្លូវសាធារណៈសម្រាប់លើកដាក់ទំនិញរបស់ឈ្មួញ គឺមានពេលខ្លះគេចតរថយន្តទន្ទឹមគ្នាមិនត្រឹមតែ២ទេ ៣ក៏មានដែរ ខណៈពេលលើកដាក់ទំនិញចេញពីរថយន្តធុនធំមករថយន្តតូច ។
ការយកដងផ្លូវសាធារណៈលើកដាក់ទំនិញឥតសណ្តាប់ធ្នាប់បែបនេះ ត្រូវបានអ្នកស្រុករអ៊ូរទាំថា ពួកគាត់មានការលំបាកក្នុងការបើកបរយានយន្តឆ្លងកាត់កំណាត់ផ្លូវដែលមានការលើកដាក់ទំនិញនេះខ្លាំងណាស់ ព្រោះមានពេលខ្លះនៅផ្លូវម្ខាងគេចតរថយន្តធំលើកដាក់ទំនិញ ហើយផ្លូវម្ខាងទៀតហួសគ្នាបន្តិចគេចតរថយន្តលើកដាក់ទំនិញដូចគ្នាដែរ ដែលមើលទៅមិនគួរឱ្យកើតមានបញ្ហាបែបនេះទេ ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈខ្លាំងណាស់ ។
ការលើកដាក់ទំនិញបង្កឱ្យផ្លូវរួមតូចចង្អៀតនេះ មិនមែនកើតឡើងតែលើផ្លូវលំទេ គេសង្កេតឃើញសូម្បីតែលើដងផ្លូវជាតិកន្លែងខ្លះក៏មានដែរ។ ពិសេសចំណុចមុខស្តង់គីបខោអាវជជុះ ជិតរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺឈ្មួញបានបញ្ចេញទំនិញគីបខោអាវជជុះនោះមកដាក់លើដងផ្លូវដើម្បីលើកដាក់តាមរទេះផ្សេងធ្វើឱ្យដងផ្លូវទៅជាតូចចង្អៀតរហូតមានពេលខ្លះ ត្រូវកកស្ទះចរាចរណ៍បង្កការលំបាកដល់អ្នកធ្វើដំណើរទៀតផង ។ ជុំវិញការរអ៊ូរទាំរបស់អ្នកធ្វើដំណើរខាងលើគេសង្ឃឹមថា សមត្ថកិច្ចជំនាញនឹងចាត់វិធានការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនោះឡើងវិញមិនខាន ៕
ចែករំលែកព័តមាននេះ