រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក ក្នុងនោះតំបន់អាស៊ីកំពុងជាគោលដៅប្រឈមដ៏គ្រោះថ្នាក់ តួយ៉ាងសម្ព័ន្ធយោធាណាតូ ដែលធ្លាប់តែនៅតំបន់អឺរ៉ុប ឥឡូវហាក់ដូចជា ឆ្ពោះមកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមរូបភាពផ្សេងៗ ដែលជាកង្វល់របស់អាស៊ានទាំងមូល ។

ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក វាមិនមែនសម្រាប់តែរវាងរុស្ស៉ី និងអ៊ុយក្រែនទេ តែឥឡូវនេះតំបន់អាស៊ីកំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់» ។សម្ដេចតេជោ បានបន្តថា មកទល់ពេលនេះប្រទេសមួយចំនួនបានប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង ។

បន្ថែមលើសនោះ សម្ព័ន្ធភាពខ្នាតតូចដែលប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសនៅក្នុងតំបន់ ។ សម្ដេចតេជោ បញ្ជាក់ថា អាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុ.ធនុយក្លេអ៊ែរ ហើយប្រឆាំងនឹងការរីកសាយអាវុ.ធនុយក្លេអ៊ែរ ។ ប៉ុន្តែប្រសិនជាមិនមានហានិភ័យអ្វីទេ ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុ.ធដ៏មានគ្រោះថ្នាក់ ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវហាក់ដូចជា ឆ្ពោះមកតំបន់អាស៊ីប៉ាស៊ីហ្វិកក្រោមរូបភាពផ្សេងៗដែលជាកង្វល់របស់យើង (អាស៊ាន)» ។
សម្ដេចតេជោ យល់ថា ប្រសិនជាបន្តស្ថានភាពនេះតទៅទៀត ពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ ក៏ប៉ុន្តែកម្ពុជានៅតែមានសុទិដ្ឋិនិយមថា ពិភពលោកនឹងស្វែងរកភាពស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនងដោយសន្តិវិធី ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលស្ថានការណ៍ឱ្យធូរស្រាលឡើងវិញ ៕
ចែករំលែកព័តមាននេះ