នាយករដ្ឋមន្ត្រីស្នើឲ្យបញ្ឈប់ប្រតិកម្ម និងវែកញែកពីបទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័ន៧»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីកុំឲ្យមានការភាន់ច្រឡំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមសូមឱ្យបញ្ឈប់ការជជែកវែកញែកគ្នាលើបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» របស់តារាចម្រៀង មាស សុខសោភា តទៅទៀត ព្រោះនាងបានទទួលកំហុស និងសុំការអភ័យទោស ព្រមទាំងលុបចោលនៅបទចម្រៀងនេះរួចទៅហើយ ។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចបានឃើញការបញ្ចេញមតិ (Comments) របស់អ្នកលេងបណ្តាញសង្គមមួយចំនួនដែលចង់ឲ្យមានការចាត់ការតាមផ្លូវច្បាប់ លើតារាចម្រៀង មាស សុខសោភា ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បញ្ជាក់ថា តាមការឱ្យដឹងការនិពន្ធផលិតបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» ដោយសារអ្នកនាង មាស សុខសោភា ជឿតាមតាបស់សក់សម្នាក់ នៅខេត្តព្រះវិហារ ។ សម្តេចចាត់ទុកក្រុមជំនួយការ និងអ្នកដែលនិពន្ធបទចម្រៀងនេះឱ្យតារាចម្រៀង មាស សុខសោភា ពិតជាខ្សោយខ្លាំងណាស់ ដោយសម្តេចលើកឡើងសូម្បីករណីដាក់ចំណងជើងបទចម្រៀងពាក្យ «មរណភាព» ប្រើសម្រាប់មនុស្សធម្មតាចំពោះក្សត្រត្រូវប្រើរាជស័ព្ទ គឺ «ការសោយទិវង្គត» ។

សម្តេចតេជោ បានលើកឡើងដូច្នេះថា «ខ្ញុំអំពាវនាវសុំឱ្យអ្នកលេងបណ្តាញសង្គមសុំបញ្ឈប់ភ្លាម កុំបន្តជជែកលើបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ព្រោះបើមិនដូច្នេះនៅជារឿងរុញឱ្យខ្លោច រោលឱ្យឆៅ ។ ខ្ញុំចូលទៅមើលក្នុង Facebook មួយ គឺរបស់អ្នកនាង មាស សុខសោភា ដែលគាត់ភ្ជាប់នូវការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការផ្តល់មតិ (Comments) ថា គួរតែចាត់ការលើផ្លូវច្បាប់ ។ ខ្ញុំសុំអង្វរកគ្នាបានជាជ្រុលជ្រួសទៅហើយ ហើយគ្នាក៏បានសុំទោស គ្នាក៏បានដកចេញឥឡូវតើត្រូវចាំបាច់ត្រូវធ្វើរឿងនេះឲ្យបន្ថែមលើរឿងទេកុំរុញឱ្យខ្លោច កុំរោលឱ្យឆៅ ស្ងប់ស្ងៀមទៅ» ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនដែលមានវីដេអូចម្រៀង «មរណភាព ព្រះស្វាមី ជ័យវរ្ម័ន៧» សុំក៏យកទៅចាក់ផ្សាយ ឬចែកចាយបន្តទៅទៀត គឺលុបចោលទៅកុំឱ្យនៅសេសសល់ ។ សម្តេចតេជោ ក៏បានអរគុណដល់តារាចម្រៀង មាស សុខសោភា ដែលបានធ្វើការសុំទោស និងបានលុបចោលទាំងអស់នូវបទចម្រៀងនេះ ។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះវីដេអូចម្រៀងថ្មីរបស់នាង មានចំណងជើងថា «មរណភាព ព្រះស្វាមី ជ័យវរ្ម័ន៧» តាម Facebook និង Youtube នាំឱ្យមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាជនជាច្រើន ។ ប៉ុន្តែ បន្ទាប់ពីមានប្រតិកម្មខ្លាំង តារាចម្រៀងរូបនេះ ក៏បានធ្វើការសុំទោសសម្តេចតេជោ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាធារណៈជនហើយបានលុបចោលទាំងអស់នូវបទចម្រៀងនេះ៕


ចែករំលែកព័តមាននេះ