ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​មាន​ជំនឿ​ថា កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៧ ខាង​មុខ ទោះបី​ភាព​មិន​ច្បាស់លាស់​នូវ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត និង​ភូមិសាស្ដ្រ​នយោបាយ​ក៏​ដោយ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការ​សិក្សា ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន និង​កំពុង​មាន​សព្វ​ថ្ងៃនេះ​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​ឈាន​ទៅ​សម្រេច​គោលដៅ​ខាងលើ​នេះ​ផង​ដែរ ។

សម្ដេច នាយក​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​បើ​ទោះបី​មាន​បញ្ហា​ប្រឈម​ផ្នែក​ទាក់ទិន​ជាមួយនឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត និង​ភាព​មិន​ច្បាស់លាស់​នៃ​ភូមិសាស្ដ្រ​នយោបាយ តែ​ខ្ញុំ​មាន​ជំនឿ​ក្នុង​ចិត្ត ហើយ​ជំនឿ​ជាក់លាក់​ទៀត​ផង​នៅ​ត្រង់​ថា កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ក្នុង​ឆ្នាំ​២០២៧ យ៉ាង​យូរ​បំផុត ហើយ​បន្ត​ទៅ​យើង​នឹង​ដើរ​ដល់​គោលដៅ​នៃ​ការ​បង្កើន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ក្នុង​ឆ្នាំ​២០៣០ ដូច​អ្វី​ដែល​ដាក់​ចេញ​ជា​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ចីរភាព​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​ថ្លែង​ថា ការ​រៀនសូត្រ​ត្រូវធ្វើ​ជាប់​ជា​ប្រចាំ ប្រសិនបើ​ការ​រៀន​នោះ​នៅ​ត្រឹង​នឹង​ក្លាយជា​ជន​អភិរក្សនិយម​ដ៏​គួរ​ឱ្យ​ខ្លាច​ព្រោះ ពិភពលោក និង​បច្ចេកវិទ្យា​ពិតជា​ដើរ​លឿន​ណាស់ ។ សម្ដេច នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា សារភាព​ការណ៍​ពិភពលោក​ដើរ​លឿន​ណាស់ បច្ចេកវិទ្យា​ដើរ​លឿន​ណាស់ ដូច្នេះ​តម្រូវ​ឱ្យ​យើង​មាន​រៀនសូត្រ​ជាប់​ជា​ប្រចាំ​មិន​អាច​នៅ​ត្រឹង​បាន​ទេ ប្រសិនបើ​យើង​នៅ​ត្រឹង គឺ​យើង​នឹង​ក្លាយជា​ជន​អភិរក្សនិយម​ដ៏​គួរ​ឱ្យ​ខ្លាច​» ។

ឆ្លៀតឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់ ទៅ​លើ​ស្ត្រី​ឲ្យ​បន្ត​ទទួល​បានការ​បណ្ដុះបណ្ដាល ខណៈ​ស្ត្រី​បាន​ដើរតួ​នាទី​សំខាន់​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រ័​ពន្ធ និង​ក្រៅ​ប្រព័ន្ធ ។ សម្ដេច​គូសបញ្ជាក់​ថា «​ចឹ​ង​ទេ​ឥឡូវ​ហ្នឹង យើង​ឃើញ​នៅ​ក្នុង​ចំណោម​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រព័ន្ធ​ទាំង​ក្រៅ​ប្រព័ន្ធ ស្ត្រី​បាន​ដើរតួ​នាទី​សំខាន់​ណាស់ អ​ញ្ចឹ​ង​យើង​ក៏​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ជំរុញ​បន្ត​ទៀត​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​»៕