រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចង់ឃើញពិភពលោករកការស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងអាមេរិក ជាមួយចិន ព្រោះសង្គ្រាមត្រជាក់បានរួចទៅហើយ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាភូមិសាស្ដ្រនយោបាយ ក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក គឺសង្គ្រាមមិនមែនជាបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ។
សម្ដេចថា៖«ឥឡូវនេះ តំបន់អាស៊ីកំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់» ។ សម្ដេចតេជោ បន្ដថា ឥឡូវប្រទេសមួយចំនួនបានបញ្ជូននាវាចូលមកកាន់ក្នុងភូមិសាស្ដ្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង បន្ថែមពីលើនោះសម្ព័ន្ធភាពខ្នាតតូចទាក់ទងទៅនឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេស អូស្ដ្រាលី ក៏កំពុងក្លាយទៅកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់ព្រោះថា អាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុ.ធនុយក្លេអ៊ែរ ហើយប្រឆាំងការរីកសាយភាយអាវុ.ធនុយក្លេអ៊ែរផងដែរ ។
សម្ដេចបន្ថែមថា បើសិនគ្មានហានិភ័យអ្វីក៏វាជាចំណុចចាប់ផ្ដើមនៃការ រត់ប្រណាំងអាវុ.ធក៏មានគ្រោះថ្នាក់ ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ៖«ខ្ញុំយល់ឃើញថា បើសិនបន្ដស្ថានភាពនេះតទៅទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ ។ ក៏ប៉ុន្ដែយើងនូវតែមានសុឆ័នៈថា ពិភពលោករកការស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋ អាមេរិកជាមួយចិន គឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយជៀសវៀងឱ្យបានកើតឡើងវិញ ព្រោះថា សង្គ្រាមត្រជាក់បានកើតរួចទៅហើយ ធ្វើយ៉ាងណាទប់ស្កាត់កុំក្លាយជាហានិភ័យគ្រោះថ្នាក់នៃសង្គ្រាមចាប់ផ្ដើមពីការប៉ះទង្គិចគ្នាដោយអាវុ.ធណាមួយ» ។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា អង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ