ហ៊ានមែន! មកសុំម្ចាស់ផ្ទះធ្វើការ បែរជាប្រើល្បិចបន្លំយកខ្ទេច ចុងក្រោយចប់ត្រឹមកាមេរ៉ា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោរលួចមិនរើសមុខធ្វើសកម្មរាល់ថ្ងៃ លុះពេលម្ចាស់ផ្ទះឆែកមើលក្នុងកាំមេរ៉ាសុវត្ថិភាពឃើញទាន់ ក៏នាំគ្នាស្ទាក់ឃាត់ខ្លួនបាន រួចប្រគល់ទៅអោយសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងបុរី ហុក ឆេង ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ គន់ សុភក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ផ្ទះរងគ្រោះ បានអោយដឹងថា នៅពេលកើតហេតុ ជនសង្ស័យមកសុំធ្វើការជាមួយ តែធ្វើមិនបានជាប់លាប់នោះទេ គឺនៅពេលណាត្រូវការប្រញាប់ ទើបហៅមកប្រើ។ ហើយចាប់តាំងពីខែ៣ រហូតមកដល់ថ្ងៃកើតហេតុនេះ សម្ភារៈរបស់របរនៅផ្ទះរបស់គាត់ គឺតែងតែបាត់ជារឿយៗដោយរកមុខចោរមិនឃើញទាល់តែសោះ។

ម្ចាស់ផ្ទះរងគ្រោះបន្តថា រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ជនសង្ស័យបានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាកអូប៉ូ ពីបុគ្គលិកអ្នកធ្វើការជាមួយគ្នាបានសម្រេច រួចយកទៅលក់ចាយវាយអស់។ លុះមកដល់វេលាយប់ថ្ងៃកើតហេតុដដែល ជនសង្ស័យក៏ធ្វើសកម្មភាពបន្លំលួចយកគ្រោងដែកសម្រាប់តុបតែងខ្លោងទ្វាររោងការ ដោយជនសង្ស័យរូបនោះជួលហៅម៉ូតូកង់បីមួយគ្រឿងមកដឹកយកចេញផ្ទះទៅ បម្រុងរៀបចំ និងលក់ តែមិនទាន់បានលក់នោះទេ ស្រាប់តែជនសង្ស័យដើរត្រឡប់មកផ្ទះកើតហេតុវិញ គាប់ជួនពេលនោះម្ចាស់ផ្ទះបានឆែកមើលកាមេរ៉ាសុវត្ថិភាពទៅ ក៏ឃើញមុខជនសង្ស័យច្បាស់កំពុងតែលើកយកអីវ៉ាន់ ម្ចាស់ផ្ទះក៏នាំគ្នាសហការគ្នា ស្ទាក់ចាប់ខ្លួនជនសង្ស័យរូបនោះតែម្ដង។ ដោយក្នុងនោះមានទាំងកម្លាំងសន្តិសុខយាមក្នុងបុរី បានយកខ្នោះដៃមកចាប់ជនសង្ស័យ រួចក៏រាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកនាំខ្លួនជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងរួចរាល់ហើយ សមត្ថកិច្ចក៏ធ្វើការសួរនាំទៅជនសង្ស័យ ហើយជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួចពិតប្រាកដមែន»។ បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕




ចែករំលែកព័តមាននេះ