អាជ្ញាធរឥណ្ឌាបិទបញ្ចប់បេសកកម្មជួយសង្គ្រោះមនុស្សនៅក្នុងហេតុការណ៍រថភ្លើង២គ្រឿងបុកគ្នាពេញទំហឹងកាលពីយប់ថ្ងៃសុក្រ បណ្ដាលឱ្យស្លាប់មនុស្ស២៧៥នាក់ និងរបួសជាង៩រយនាក់។ នេះជាឧបទ្ទវហេតុដ៏អាក្រក់បំផុតនៅក្នុងរយៈពេលជាង២ទសវត្សចុងក្រោយ។

មនុស្សជាង៩រយនាក់ត្រូវមន្ទីរពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នៅសល់អ្នករបួស២៦០នាក់ត្រូវតែសម្រាកព្យាបាលជាបន្តទៀត។ ប៉ុន្តែពួកគេមានរបួសល្មមៗ លើកលែងតែម្នាក់ប៉ុណ្ណោះដែលកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់។ ក្រុមហ៊ុនអយស្ម័យយានឥណ្ឌាដែលដឹកមនុស្ស១ថ្ងៃ១៣លាននាក់ កំពុងធ្វើការយ៉ាងដុតដៃដុតជើងដើម្បីកែលម្អប្រព័ន្ធសុវត្ថិភាព។

នាយករដ្ឋមន្ត្រីឥណ្ឌាបានចុះពិនិត្យមើលកន្លែងកើតហេតុ និងបានជួបសំណេះសំណាលជាមួយក្រុមអ្នកជួយសង្គ្រោះ។ លោកក៏បានពិនិត្យមើលទូរថភ្លើងដែលរងការខូចខាត និងសួរសុខទុក្ខអ្នករងរបួសផងដែរ។ លោកសន្យាថានឹងតាមចាប់អ្នកដែលទទួលខុសត្រូវនៅក្នុងរឿងនេះយកទៅផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងន់ជាទីបំផុត ដើម្បីឱ្យសមនឹងកំហុសរបស់ពួកគេ។

ការស៊ើបអង្កេតបឋមបង្ហាញថារថភ្លើង១ខ្សែឈ្មោះខូរ៉ូមេនដែល អ៊ិចប្រែស (Coromandel Express) រត់ពីទីក្រុងឆេនណាយ (Chennai) ទៅទីក្រុងកុលកាតា (Kolkata)។ កំពុងរត់ល្បឿន១២៨គីឡូម៉ែត្រក្នុងមួយម៉ោង, រថភ្លើងក៏បត់ក្បាលចូលទៅផ្លូវ១ទៀតដែលប្រើប្រាស់សម្រាប់ចតទូរថភ្លើងនៅស្ងៀម។ ដូចនេះ, រថភ្លើងក៏រត់ទៅបុករះបារ៉ុងរថភ្លើងដែលគេចតទុកចោលនៅលើផ្លូវ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីបុគ្គលិកបម្រើការនៅក្នុងគណៈកម្មការអយស្ម័យយានឥណ្ឌា។

ក្បាលរងភ្លើង និងទូបួនប្រាំដែលជាប់នឹងក្បាលរថភ្លើងក៏ហោះផ្លោងទៅប៉ះនឹងកន្ទុយរថភ្លើង១ទៀតដែលរត់បញ្ច្រាសទិសគ្នាក្នុងល្បឿន១២៦គីឡូម៉ែត្រក្នុង១ម៉ោង។ កន្ទុយរថភ្លើង១ទៀតក៏របើកចេញពីផ្លូវ ហើយក្រឡាប់ផ្កាប់ផ្ងារ។ អ្នកបើករថភ្លើងទាំង២ខ្សែរងរបួសទាំង២នាក់។ ប៉ុន្តែពួកគេអាចគេចផុតពីសេចក្ដីស្លាប់។

ក្រុមអ្នកស៊ើបអង្កេតកំពុងយកចិត្តទុកដាក់ទៅលើប្រព័ន្ធគ្រប់គ្រងផ្លូវរថភ្លើងដែលប្រើប្រាស់ប្រព័ន្ធពីកុំព្យូទ័រ។ ដោយសារប្រព័ន្ធនេះហើយទើបបានជារថភ្លើងខ្សែទី១រត់សុខៗស្រាប់តែបត់ក្បាលទៅផ្លូវដែលមិនត្រូវទៅ។ គេសង្ស័យថាប្រព័ន្ធនេះមានបញ្ហា។ បើមិនដូច្នេះទេ វាមិនអាចបង្វែរក្បាលរថភ្លើងទៅផ្លូវផ្សេងឡើយ។

ឥឡូវនេះ កម្មករកំពុងប្រញឹកដៃបោសសម្អាត និងរៀបចំជួសជុលផ្លូវរថភ្លើង។ ត្រឹមព្រឹកថ្ងៃពុធ, គេរំពឹងថាផ្លូវដែកនេះអាចជួសជុលបានស្អាត និងដំណើរការជាធម្មតា។ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យសាកសពជនរងគ្រោះដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រដ្ឋាភិបាលនឹងផ្ដល់ប្រាក់សំណងជូនក្រុមគ្រួសារសពម្នាក់ៗទទួលបាន១លានរូពី ស្មើនឹង១ម៉ឺន ២ពាន់ដុល្លារ។ អ្នករបួសម្នាក់ៗទទួលបាន២សែនរូពី ស្នើនឹង២ពាន់ ៤រយដុល្លារ៕
ប្រភព៖ Reuters
https://www.channelnewsasia.com/asia/india-train-crash-rescuers-families-search-injured-dead-passengers-3537376
ចែករំលែកព័តមាននេះ