សម្តេចតេជោ ហ៊ុន សែន ប្រាប់ មាស សុខសោភា ឱ្យដកចេញពីហ្វេសប៊ុកនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងសារជាសំឡេងជូនជាពិសេសដល់អ្នកចម្រៀង មាស សុខសោភា នាយប់ថ្ងៃទី៤ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអ្នកចម្រៀងរូបនេះ ដកចេញពីហ្វេសប៊ុករបស់ខ្លួននូវបទចម្រៀង មានចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»។ មូលហេតុ ត្រូវបានសម្តេចតេជោ ប្រកាសថា ចម្រៀងនោះ មានលក្ខណៈបំភៃប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងអតីតព្រះមហាក្សត្រខ្មែរ ដែលប្រជាជនកម្ពុជា ១៧លាននាក់ កំពុងគោរព។
សូមរម្លឹកថា នៅព្រលប់ថ្ងៃទី៤មិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក៏បានប្រកាស ទទូចសុំឲ្យអ្នកនាង មាស សុខសោភា និងអ្នកពាក់ព័ន្ធផ្សេងទៀត លុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជន មេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះ បន្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុ បង្កឲ្យមានការភ័នច្រឡំ ចំពោះប្រវត្តិសាស្រ្តកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក៏សូមអំពាវនាវ ចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ ដែលចង់បង្កើត និងផលិតស្នាដៃ ពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ៕



ចែករំលែកព័តមាននេះ