ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ស្រាវជ្រាវ​ជាន់ខ្ពស់ ប្រតិកម្ម​បទ​ចម្រៀង​ថ្មី​របស់​​មាស សុខ​សោភា

11 ខែ មុន
  • ភ្នំពេញ

មន្ត្រីជាន់ខ្ពស់​មួយ​រូប នៅ​ក្រសួងមហាផ្ទៃ និង​អ្នក​ស្រាវ​ជាវ​មួយ​រូប​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​ប្រតិកម្ម​ជា​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា «​មរណភាព​ព្រះ​ស្វាមី​ជ័យ​វរ្ម័ន​ទី​៧» ដែល​បទ​ចម្រៀង​មួយ​បទ​នេះ បកស្រាយ​ដោយ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មួយ​រូប នៅ​ក្រសួងមហាផ្ទៃ និង​អ្នក​ស្រាវ​ជាវ​មួយ​រូប​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ប្រតិកម្ម​ជា​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា «​មរណភាព​ព្រះ​ស្វាមី​ជ័យ​វរ្ម័ន​ទី​៧» ដែល​បទ​ចម្រៀង​មួយ​បទ​នេះ បកស្រាយ​ដោយ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា គឺ​អ្នក​នាង មាស សុខ​សោភា​។

តារាចម្រៀង​ស្រី​ដែល​មាន​ទឹកដម​សម្លេង​ផ្អែម​ស្រទន់ បាន​បង្ហោះ​វី​ដេ​អូ​ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​មរណភាព​ព្រះ​ស្វាមី​ជ័យ​វរ្ម័ន​ទី​៧» អម​ដោយសារ​អះអាង​ថា បទ​ចម្រៀង​មួយ​នេះ​ដែរ «​ជា​ការ​សំណូមពរ​សុំ​របស់​លោកតា​សក់​.​ស​ភ្នំ​ត្បែង រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​សោយ​ទីវ​ង្គ​ត​ដ៏​សែន​កំសត់​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ជា​ការ​រំលឹក​ដឹងគុណ​របស់​ទ្រង់​ដែល​បាន​លះបង់ និង​ខិតខំ​ថែរក្សា​ទឹកដី​មហានគរ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​គ្រប់​អង្គ សូម​ប្រសិទ្ធិ​ពរ​ជ័យ សូម​ទ្រង់​ទទួល​បាន​នូវ​ព្រះ​សុខភាព​ជាង​រយ​ពាន់​ព្រះ​វស្សា និង​ជោគជ័យ​គ្រប់​ភារៈកិច្ច​ឈ្នះ​អស់​មារ​សត្រូវ »​។

យ៉ាងណាមិញ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួង​មហា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ ដោយ​រូប​លោក​បាន​សុំ​អោយ​អ្នកចម្រៀង មាស សុខ​ភា លុប​បទ​ចម្រៀង «​មរណភាព​ព្រះ​ស្វាមី ជ័យ​វរ្ម័ន​ទី​៧» ចោល​ទៅ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រវត្តិសាស្ដ្រ​។

លោក ហ៊ុយ វណ្ណៈ បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា «​បទ​ចម្រៀង «មរណភាព​ព្រះ​ស្វាមី​ជ័យ​វរ្ម័ន​ទី​៧» ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ខ្លួន និង​តក់ស្លុត​ខ្លាំង​ណាស់​»​។ «​ខ្ញុំ​ក៏​ជា​អ្នក​អក្សរសាស្ត្រ និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​រូប​ដែរ ប៉ុន្តែ​មិន​ធ្លាប់​ប្រទះ​ឃើញ​ឯកសារ​ស្តី​ពី​ការ​សោយ​ព្រះ​ទីវ​ង្គ​តរបស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​មហាក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ និង​ជាទី​គោរព​របស់​ខ្មែរ​យើង ដូច​បាន​រៀបរាប់​ក្នុង​ខ្លឹមសារ​បទ​ចម្រៀង​នេះ​ទេ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ហ៊ុយ វណ្ណៈ​។

លោក​បន្ត​ថា «​ខ្ញុំ​មិន​បរិយាយ​ទៅ​ឆ្ងាយ​ទេ ប៉ុន្តែ​សុំ​មេត្តា​កុំ​បំផ្លាញ​ប្រវត្តិសាស្ត្រ និង​ដួង​ព្រលឹង​ខ្មែរ​ខ្លួនឯង​។ បើ​អាច​សុំ​លុប​វី​ដេ​អូ​នេះ​ចោល​ទៅ​»​។ លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្ត​ទៀត​ថា «​ការ​តែង​និពន្ធ​នេះ ខុស​ចាប់តាំងពី​ការ​ប្រើ​ពាក្យពេចន៍​ឡើង​ទៅ កុំ​និយាយ​ទៅ​ដល់​សច្ចៈ​ភាព​ខ្លឹម​សារ​ប្រវត្តិសាស្ត្រ​។ ពាក្យ​មរណភាព គេ​មិន​ប្រើ​ចំពោះ​ព្រះមហាក្សត្រ​ទេ​។ ខ្ញុំ​មិន​ចាត់​ទុក​ថា ប្អូនស្រី​ដែល​ជា​អ្នកចម្រៀង​មាន​ចេតនា​អាក្រក់​ណាមួយ​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​វណ្ណ​កម្មនេះ បង្ហាញ​ថា ក្រុម​ផលិត​ទាំងមូល​នៅ​ខ្ចី​សេចក្តី និង​ខ្វះ​ភាព​គ្រប់​ជ្រុងជ្រោយ​។ ជា​ថ្មី​ម្តងទៀត ខ្ញុំ​មិន​គាំទ្រ​ការ​យក​ព្រលឹង​ជាតិ​យើង ទៅ​លេងសើច​បែប​នេះ​ទេ​។ គួរ​លុប​ចោល​ទៅ ហើយ​លុប​ឱ្យ​បាន​លឿន​។ «​គ្មាន​នរណា​បំផ្លាញ​ព្រលឹង​ខ្មែរ ក្រៅ​តែ​ពី​ខ្មែរ​ខ្លួនឯង​នោះ​ទេ​»​។

ជាមួយនឹង​ការ​បង្ហោះ​សារ​ប្រតិកម្ម​ខាងលើ យើង​ឃើញ​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏​បាន​សម្តែង​នូវ​ប្រតិកម្ម​លើ​បទ​ចម្រៀង​នេះ​ផង​ដែរ​។

លោក​បណ្ឌិត គិ​ន ភា ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ពិសេស នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​សិក្សា​សកល​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ផង​ដែរ​នោះ បាន​សរសេរ​ថា «​រូប​លោក​សុំ​ចោទ​ជា​សំណួរ​ចំពោះ​ឃ្លា​មួយ​ចំនួន​នៃ​បទ​ចម្រៀង ដែល​មាន​បញ្ហា ដូច​ជា ៖ ១- កម្ម​ពៀរ ៖ តើ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​សាង​កម្ម​ពៀរ​អ្វី? ជាមួយ​អ្នក​ណា? ២- ព្រោះតែ​សាសនា ៖ តើ​ជម្លោះសាសនា​កើតឡើង​ដោយ​របៀប​ណា? នរណា​នៅ​ពីក្រោយ​ជម្លោះ​នោះ?។

លោក​បណ្ឌិត គិ​ន ភា បាន​បន្ត​ថា ចំណុច​ទី​៣ នៃ​ឃ្លា​បទ​ចម្រៀង​ដែល​មាន​បញ្ហា​ដែរ​នោះ គឺ​ឃ្លា​ដែល​លើក​ឡើង​ថា «​ឃុបឃិត​ស​ម្លា​.​ប់​ឈា​.​ម​ឯង​។ ចំណុច​នេះ លោក​បណ្ឌិត គិ​ន ភា ចោទ​ជា​សំណួរ​ថា តើ​នរណា​ឃុបឃិត​ជាមួយ​នរណា? យោង​ឯកសារ​ណា? មាន​ភស្តុ​តាង​បញ្ជាក់​ទេ? ។ សម្រាប់​ឃ្លា​បន្ទាប់​នៃ​បទ​ច​ម្រៀ​ផង​លើក​ឡើង​ថា «​ចូល​ដៃ​សត្រូវ​» លោក​បណ្ឌិត​គិ​ន ភា ក៏​ចោទ​ជា​សំណួរ​ថា តើ​នរណា​ចូល​ដៃ​សត្រូវ? សត្រូវ​នោះ​ជា​នរណា? យោង​ឯកសារ​ណា? ភស្តុ​តាង​បញ្ជាក់?​។ ចំណុច​មួយទៀត​នៃ​បទ​ចម្រៀង គឺ​ត្រង់​ឃ្លា​ថា «​ចាប់​បង​ខ្លួនឯង​បូជា​ព្រះ​កាយ​» លោក​បណ្ឌិត​គិ​ន ភា ក៏​លើក​ជា​សំណួរ​ថា នរណា​ជា​អ្នក​ចាប់? មាន​ឯកសារ​ណា​សរសេរ​ដូច្នេះ?។

លោក​បណ្ឌិត គិ​ន ភា បាន​បន្ថែម​ថា «​សរុប​ទៅ បទ​ចម្រៀង​នេះ មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ គួរតែ​ពិនិត្យ​ខ្លឹមសារ​ឡើង​វិញ ចៀសវាង​ការ​បង្កើត​ភាព​មិន​ច្បាស់លាស់​នៃ​ប្រវត្តិសាស្ត្រ​»​។

ជាមួយ​គ្នា​នោះ ក៏​មាន​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​ទស្សនៈ​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​ថា «​គួរ​លុប​បទ​ចម្រៀង​នេះ​ចោល​» ព្រោះ​គ្មាន​សិលា​ចា​រិ​ត ឬ​ឯកសារ​ណា អាច​បញ្ជាក់​ពី​ការ​សោយ​ទីវ​ង្គ​តរបស់​ទ្រង់​ទេ សូមកុំ​យក​ការ​ស្រមើរ​ស្រមៃ​របស់​អ្នកនិពន្ធ ធ្វើ​អោយ​ខុស​ប្រវត្តិសាស្ត្រ​។ ខ្លះ​ក៏​ពោល​ថា «​ច្រៀង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ហើយ ជា​កូន​ខ្មែរ​ដែរ ហើយ​ជាតា​រា​ល្បី​ទៀត ក្រុមការងារ​ក៏​មាន ម៉េច​ធ្វើការ​ខ្ជីខ្ជា​ម៉េ​ស ម៉េច​អត់​ដឹង​ពី​រឿង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ចឹ​ង​» ជាដើម​។

ហើយ​គិត​ត្រឹម​ម៉ោង​៥​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ គេ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​យ៉ាងណា​ពី​តារាចម្រៀង អ្នក​នាង មាស សុខ​សោភា នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ