រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកស.ពមនុស្សម្នាក់ ដែលសង្ស័យជាមនុស្សប្រុស ស្លា.ប់ជាច្រើនខែមកហើយ ខណៈនេះបានរលួយរលេះ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ស្ថិតនៅក្នុងទឹកបឹងមួយកន្លែង។ បន្ទាប់មក ក៏បានរាយការណ៍ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចឲ្យចុះទៅពិនិត្យ កោសល្យវិច័យ ព្រមទាំងស្រាវជ្រាវរកអត្តសញ្ញាណស.ព និងមូលហេតុ នៃការស្លា.ប់នោះផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅខាងត្បូងឈាងខាងកើតសាលាកសិកម្មចំការដូង ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពុំអាចដឹងបានថា អ្នកស្លា.ប់ខាងលើមានអាយុប៉ុន្មានឆ្នាំ ស្លា.ប់តាំងពីពេលណានៅឡើយទេ ហើយបើតាមការអះអាងពីកន្លែងកើតហេតុ ស.ពស្លៀកពាក់ខោអាវកីឡា ដូច្នេះប្រសិនបើបងប្អូនណា មានបាត់សមាជិកគ្រួសារសាច់ញាតិ សូមអញ្ជើញទៅពិនិត្យមើលភិនភាគតាមរយៈសម្លៀកបំពាក់ជាដើម ក្រែងបានស្គាល់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុនោះ ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទីនោះ ហើយក៏បានប្រទះឃើញសាកស.ពខាងលើ ដោយមានសភាពរលួយរលេះ នៅសល់តែគ្រោងឆ្អឹងទៅហើយ។ ជំហ៊ានដំបូងសង្ស័យជាស.ពមនុស្សប្រុស ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកភូមិច្រើននាក់មានចាស់មានក្មេង បាននាំគ្នាទៅចោមរោមមើល។ ប៉ុន្តែអត់មាននរណាម្នាក់បានស្គាល់ឡើយ ហើយក៏មិនមាន ឮថា មានអ្នកបាត់សមាជិកគ្រួសារនោះដែរ បន្ទាប់មកក៏បានរាយការណ៍ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះទៅពិនិត្យមើលជាក់ស្ដែង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ នគរបាលប៉ុស្តិ៍ដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗ ធ្វើកំណត់ហេតុបំភ្លឺសាក្សីនៅកន្លែងកើតហេតុ។ បន្ទាប់មកទៀតបានរាយការណ៍បន្ត ជូននគរបាលការិយាល័យបច្ចេកទេ និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ស្រាវជ្រាវរកអត្តសញ្ញាណសព និងមូលហេតុនៃការស្លា.ប់ខាងលើ ៕








ចែករំលែកព័តមាននេះ