ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ី និងអាមេរិកកំពុងសិក្សា-វិភាគទៅលើលទ្ធផលនៃកិច្ចជំនួបរវាងគណៈប្រតិភូប្រទេសទាំង២នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទើបតែបិទបញ្ចប់កាលពីថ្ងៃចន្ទ។ ប្រភពខ្លះថាជំនួបនោះធ្វើឡើងរយៈពេល១២ម៉ោង។ អ្នកនាំពាក្យវិមានក្រឹមឡាំងបញ្ជាក់ពីការសិក្សាទៅលើលទ្ធផលនោះ។ ប៉ុន្តែលោកសូមមិននិយាយលម្អិតពេកទេពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចពិភាក្សា។ លោកបង្ហើបដោយខ្លីថាកិច្ចជំនួបនោះផ្ដោតសំខាន់ទៅលើបទឈប់បាញ់ទៅលើនាវាចម្បាំងនៅសមុទ្រខ្មៅ។
លោកប៉េស្កូសថ្លែងបន្តទៀតថាគណៈប្រតិភូដែលខិតខំចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងទៅលើចំណុចខ្លះរវាងរុស្ស៊ី និងអ៊ុយក្រែននៅសមុទ្រខ្មៅនោះ បានយកលទ្ធផលនៃកិច្ចជំនួបទៅរាយការណ៍ជូនថ្នាក់លើនៅម៉ូស្គូ និងវ៉ាស៊ីនតោនរួចហើយ។ លោកថាប្រទេសទាំង២កំពុងជជែកគ្នាអំពីបញ្ហាបច្ចេកទេសដ៏ស៊ីជម្រៅ។ ហេតុនេះ ខ្លឹមសារនៃកិច្ចជំនួបនេះប្រហែលជាមិនអាចបញ្ចេញឱ្យដឹងជាសាធារណៈនោះទេ។
ចំណុចមួយទៀត ដូចជម្រាបជូនពីខាងដើមស្រាប់ ក្រោយពេលស្ដាប់សេចក្ដីរាយការណ៍អំពីលទ្ធផលនៃកិច្ចជំនួបរួចហើយ ម៉ូស្គូ និងវ៉ាស៊ីនតោនកំពុងវិភាគខ្លឹមសារនៃការចរចា។ ទាល់តែវិភាគរួចរាល់ទើបប្រទេសទាំង២អាចរកពេលជួបគ្នាជាបន្តទៀតដើម្បីសិក្សាស្វែងយល់អំពីជំហរគ្នាទៅវិញទៅមក។ លោកប៉េស្កូសបញ្ជាក់ឡើងវិញថារហូតមកដល់ពេលនេះមិនទាន់មាននៅឡើយទេនូវការជជែកគ្នាត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន។
យោងតាមលោកប៉េស្កូស, គម្រោងជួបគ្នាជាថ្មីកម្រិតកំពូលរវាងលោកពូទីន និងលោកត្រាំមិនទាន់ដឹងថានឹងរៀបចំនៅពេលណាទេ។ ប៉ុន្តែនៅក្នុងករណីចាំបាច់ ប្រទេសទាំង២នឹងរៀបចំគម្រោងជួបគ្នាភ្លាមៗតែម្ដង។ សូមរំលឹកថានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីសប្ដាហ៍មុន, លោកពូទីនមិនបានទទួលយកទាំងស្រុងនូវបទឈប់បាញ់៣០ថ្ងៃដែលស្នើឡើងដោយលោកត្រាំទេ។ ប៉ុន្តែលោកគាំទ្រការផ្អាកវាយប្រហារគ្នាទៅលើទីតាំងផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ លោកពូទីនថាលុះត្រាតែអ៊ុយក្រែនឈប់វាយប្រហាររុស្ស៊ីទើបលោកឈប់តាមក្រោយ។
ឥឡូវនេះ គេទទួលដំណឹងថារុស្ស៊ីពន្លះអ៊ុយក្រែនមួយអស់ដៃទៅលើទីក្រុងស៊ូមី (Sumy) ដែលស្ថិតនៅប្រទេសអ៊ុយក្រែនភាគឦសាន បណ្ដាលឱ្យរបួសមនុស្ស៨៨នាក់, ក្នុងនោះ កុមារ១៧នាក់។ នេះបើយោងតាមអភិបាលតំបន់កើតហេតុខាងលើ។ គាត់ប្រាប់ថាកុមារជាច្រើនទៀតអាចជម្លៀសខ្លួនទៅពួនសម្ងំនៅក្នុងទីជម្រកទប់ទល់នឹងការវាយប្រហារតាមអាកាស។
ពួកគេកំពុងស្ថិតនៅក្នុងតំបន់ទីប្រជុំជនសុខៗស្រាប់តែពួកសត្រូវវាយប្រហារប្រាវៗតាមអាកាស។ សាលារៀន២កន្លែងរងការខូចខាតដោយសារគ្រាប់កាំភ្លើង។ អភិបាលតំបន់កើតហេតុបានចុះបញ្ជាក្រុមការងារដើម្បីជួយសង្គ្រោះ និងបោសសម្អាតទីតាំងកើតហេតុ។ កុមារទាំងអស់ក្រៅពីត្រូវរបួស១៧នាក់ត្រូវគេដឹកជញ្ជូនទៅកាន់ទីកន្លែងសុវត្ថិភាពគ្រប់ៗគ្នា។
អភិបាលរូបនេះថ្លែបន្តទៀតថាគាត់ស្ថិតនៅក្នុងហេតុការណ៍នោះ។ គាត់ឃើញផ្សែងដ៏ហុយទ្រលោមទៅលើអាកាស និងឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ មិនតែប៉ុណ្ណោះ រថយន្តមួយគ្រឿងបែកកញ្ចក់ខាងក្រោយដោយសារឥទ្ធិពលនៃការផ្ទុះដ៏ខ្លាំងក្លា។ គាត់ក៏មើលឃើញផ្សែងហុយចេញពីអគារកម្ពស់៥ជាន់ដែលជាកន្លែងស្នាក់នៅរបស់អ្នកស្រុកនៅម្ដុំនោះ។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ, អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ