រាជធានីភ្នំពេញ ៖ បង្គោលភ្លើងចំនួនពីរដើមបានឆ្លងចរន្តទុស្សេឆាបឆេះជាបន្តបន្ទាប់ នៅក្នុងពេលដំណាលគ្នា នៅក្នុងនោះមួយដើមស្ថិតនៅក្បែរស្ថានីយប្រេង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ ពុំបណ្តាលឲ្យឆេះរាលដាលធ្ងន់ធ្ងរនោះឡើយ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចឲ្យដឹងថា បង្គោលភ្លើងមួយដើមស្ថិតនៅមុខស្ថានីយប្រេងលីហ៊ាង ដែលស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់បាញ់ពន្លត់ហើយ សំណាងល្អ ភ្លើងបានរលត់ទៅវិញពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ ។

ដោយឡែក នៅក្នុងពេលដំណាលគ្នានោះដែរ បង្គោលភ្លើងមួយដើមទៀត ស្ថិតនៅតាមបណ្ដោយផ្លូវ២០១១នេះដែរ ស្ថិតនៅខាងជើងផ្សារឈូកមាស បានឆ្លងចរន្តឆាបឆេះបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់បាញ់ពន្លត់ និងទាក់ទងទៅនគរបាលមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ និងទាក់ទងទៅមន្ត្រីអគ្គិសនីដាច់ចរន្តអគ្គិសនី ។

តាមនគរបាលបានឲ្យដឹងថា នៅក្នុងហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងនេះរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានទៅអន្តរាគមន៍ តែពុំបានបាញ់ពន្លត់នោះទេ ដោយប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះ ពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយគ្រាន់តែបណ្ដាលឲ្យខ្សែភ្លើងមួយចំនួនដែលបំពាក់នៅបង្គោលភ្លើងបានរងការខូចខាតតែប៉ុណ្ណោះ៕




ចែករំលែកព័តមាននេះ