រាជធានីភ្នំពេញ ៖ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ នៅទីក្រុងហ្សាការតា តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៥ ឧសភា ២០១១ នេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដែលត្រូវទៅរៀបចំកិច្ចការមុនសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ នឹងធ្វើសន្និសីទកាសែតរយៈពេលខ្លីមួយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពាក់ព័ន្ធទៅនឹងខ្លឹមសារផ្សេងៗជាពិសេសបញ្ហាសៀមឈ្លានពានទឹកដីកម្ពុជា តែម្តង ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នឹងប្រព្រឹត្តធ្វើឡើងរយៈពេល២ថ្ងៃនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីគឺថ្ងៃទី៧ ដល់ទី៨ ឧសភា ២០១១ ។ បញ្ហាមួយចំនួនដែលត្រូវពិភាក្សារួមមានការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទីបង្ហាញផ្លូវសម្រាប់បង្កើតសហគមន៍អាស៊ាន ទំនាក់ទំនងអាស៊ានជាមួយអន្តរជាតិ សហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសសភាពការណ៍នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមទៀតថា នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ គឺធ្វើសន្និសីទកាសែត ហើយរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយ ។ សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីនផងដែរ៕
ចែករំលែកព័តមាននេះ