ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​​វាតទីនិយម​របស់ថៃ​គំរាម​កំហែង​ធ្ងន់ធ្ងរ ដល់សន្តិភាព​និងស្ថិរភាព​នៅកម្ពុជា​និងក្នុងតំបន់

14 ឆ្នាំ មុន

​សង្រ្គាម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​មក​លើ​កម្ពុជា​កាលពី​ថ្ងៃ​ទី៤-៧ ​កុម្ភៈ ​ឆ្នាំ២០១១ ​បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិក​ភណ្ឌ​ពិភពលោក ​និង​បាន​​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព ​និង​​ស្ថិរ​ភាព​ក្នុង​តំបន់​ ។​ ភ្លាមៗ​នោះ​រដ្ឋាភិបាល​កម្ពុជា​​បាន​ស្នើ​សុំ​ឱ្យ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​រៀប​ចំ​កិច្ច​ប្រជុំ​ជា​​បន្ទាន់ ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​​របស់​ថៃ

​សង្រ្គាម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​មក​លើ​កម្ពុជា​កាលពី​ថ្ងៃ​ទី៤-៧ ​កុម្ភៈ ​ឆ្នាំ២០១១ ​បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិក​ភណ្ឌ​ពិភពលោក ​និង​បាន​​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព ​និង​​ស្ថិរ​ភាព​ក្នុង​តំបន់​ ។​ ភ្លាមៗ​នោះ​រដ្ឋាភិបាល​កម្ពុជា​​បាន​ស្នើ​សុំ​ឱ្យ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​រៀប​ចំ​កិច្ច​ប្រជុំ​ជា​​បន្ទាន់ ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​​របស់​ថៃ ។ មួយសប្តាហ៍ក្រោយមក នៅថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិបានជម្រុញ​ឱ្យប្រទេស​ជិតខាង​ទាំង​ពីរនេះបង្ហាញពីភាពអត់ធ្មត់ជាអតិបរមា ហើយបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ និងបានស្នើទៅអាស៊ានឱ្យធ្វើការសម្របសម្រួល​ឱ្យមានដំណោះ​ស្រាយ​មួយសម្រាប់ជម្លោះនេះ ។

នៅឯកិច្ចប្រជុំបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងហ្សាការតានៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ កម្ពុជា និងថៃបានព្រមព្រៀងលើ​ផែនការសន្តិភាពដែលបានស្នើឡើងដោយ​ឥណ្ឌូ​ណេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន ដើម្បីឱ្យ​មាន​អ្នកសង្កេតការណ៍ឯករាជ្យវាយតម្លៃពី​ស្ថាន​ការណ៍ និងត្រួតពិនិត្យបទឈប់បាញ់ ។ កម្ពុជាបានចូលរួមយ៉ាងសកម្ម​ក្នុងការអនុវត្ត​ផែនការសន្តិភាពខាងលើនេះ ដោយទទួលយក​អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅពេលដែល​ថៃ​បានបដិសេធមិនទទួលយកអ្នកសង្កេតការណ៍ទាំងនោះ ។
ការបដិសេធរបស់ថៃចំពោះផែនការសន្តិភាពនេះ គឺជាការឆ្លើយតបជាអវិជ្ជមានចំពោះ កិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់ឥណ្ឌូណេស៊ីដែលត្រូវបានប្រគល់សិទ្ធិ​អំណាច​ដោយ​ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដើរ​តួ​នាទី​ជា​អ្នកសម្រុះសម្រួល ។ កម្ពុជា និងសហគមន៍​អន្តរ​ជាតិមានការខកចិត្តខ្លាំងណាស់ ដោយ​សារ​តែគោលជំហរ​ថៃចំពោះបញ្ហានេះ ។

លើសពីនេះទៀត ដោយប្រឆាំងជាចំហទៅ​នឹងច្បាប់ និងទម្លាប់អន្តរជាតិក៏ដូចជាចំពោះ​អង្គការសហប្រជាជាតិ និងអាស៊ាននោះថៃបាន​ចាប់ផ្តើមបង្កសង្គ្រាមឈ្លានពាន​ជាថ្មី​មក​លើ​កម្ពុជាដែលចាប់ផ្តើមពីថ្ងៃទី២២ មេសា និង​បណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើនទទួល​រងនូវ​ទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។ ពេលនេះចម្ងល់ដ៏ធំសម្រាប់យើងគឺថា «តើ​ហេតុអ្វី​បាន​ជាថៃជ្រើសរើសការធ្វើសង្គ្រាម ឈ្លាន​ពាននៅក្នុងទំនាក់ទំនងជាមួយកម្ពុជា? យោ​បល់​កត់សម្គាល់ដូចខាងក្រោមនេះ​ប្រហែល​ជាអាច​ផ្តល់ចម្លើយខ្លះចំពោះសំណួរនេះ ។

១-មេដឹកនាំយោធា/ល្មោភសង្គ្រាម​

នៅចុងខែមករា ឆ្នាំ២០១១ នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វេចាជីវ៉ាបានថ្លែងថា «រដ្ឋាភិ​បាល​នឹងខំព្យា​យាម​ស្វែងរកមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយ​កម្ពុជា​ដែលសង្គ្រាម​ គឺជា​ជម្រើសចុងក្រោយបំផុត» ។ ជាលទ្ធផលសង្គ្រាមរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង​ក្នុងរយៈពេលមិនដល់មួយសប្តាហ៍​ក្រោយ​មកផង ។ ការថ្លែង​ការណ៍ខាងលើរបស់នាយករដ្ឋមន្ត្រី​ថៃ ម្យ៉ាងគឺឆ្លុះបញ្ចាំងពីអាកប្បកិរិយាក្រអើត​ក្រទមរបស់ខ្លួន ហើយម្យ៉ាងវិញទៀតឆ្លុះបញ្ចាំង​ពីប្រពៃណីល្មោភសង្គ្រាម​នៃមេ​ដឹកនាំថៃ ។
យោធាបានដើរតួនាទីស្នូលនៅក្នុងមហិច្ឆតា​ពង្រីកទឹកដីរបស់ថៃ ។ យោងតាមប្រវត្តិវិទូ​ជា​ច្រើន យោធាថៃមានប្រវត្តិទន្ទឹមគ្នានឹងពេល​ដែលរាជាណាចក្រថៃ​ទទួលបាន​ឯករាជ្យ​ពីចក្រភព​ខ្មែរ​នៅក្នុងសតវត្សទី១៣ ។ ចាប់ពីពេល​នោះ​មកមេដឹកនាំយោធាកំពូលៗថៃបានគ្រប់​គ្រង​​ប្រទេសថៃ ។ មេដឹកនាំផ្តាច់ការយោធាបាន​ត្រួត​ត្រានយោបាយថៃ​ចាប់​តាំង​ពីរបបរាជា​និយម​ផ្តាច់ការបានបញ្ចប់ក្នុងឆ្នាំ១៩៣២ ។ នៅ​ពេលដែលឥស្សរជនយោធាបានកាន់អំណាចដោយសារការធ្វើរដ្ឋប្រហារនោះ កម្លាំងប្រដាប់​អាវុធ​ត្រូវបាន​ពង្រីក​ ។​ដូចយើងអាចឃើញ​ស្រាប់​ហើយក្នុងពេលថ្មីៗនេះក្រោយពីរដ្ឋ​ប្រហារ​យោធាឆ្នាំ២០០៦ក្នុងប្រទេសថៃមានការ​កើន​ឡើងនូវភាពតានតឹងជាមួយនឹងកម្ពុជា និង​ប្រទេស​ជិតខាងដទៃទៀត ។

២-មេដឹកនាំដែលបង្ហាញការប្រឆាំង​ចំពោះ​ច្បាប់

ដោយត្រូវបានដុតបញ្ឆេះដោយអារម្មណ៍​ជាតិ​និយមជ្រុលមេដឹកនាំថៃបង្ហាញពីការ ប្រឆាំងរបស់ខ្លួនចំពោះច្បាប់អន្តរជាតិ ។ ដូចយើងដឹងស្រាប់​ហើយ នៅក្នុង​សាល​ដីការបស់​ខ្លួន​ស្តីពីអង្គសេចក្តីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិដោយ​សំឡេង៩ ទល់នឹង៣សម្រេចថា ប្រាសាទព្រះ​វិហារស្ថិតក្នុងទឹក​ដីក្រោមអធិបតេយ្យរបស់
ប្រទេសកម្ពុជា ហើយសម្រេចបន្ទាប់មកទៀត​ថា ប្រទេសថៃមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬ​ប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃ​បាន​ដាក់ក្នុងប្រាសាទ ឬក្នុងតំបន់ក្បែរ​ប្រាសាទ​ដែលស្ថិតក្នុងទឹកដីកម្ពុជា ។

ទោះជាយ៉ាងណាក្តី មេដឹកនាំថៃបាន​គូស​ផែន​ទីសម្ងាត់ឯកតោភាគីដែលបង្ខិតខ្សែព្រំ​ដែន​ចូលជ្រៅមកក្នុងប្រទេសកម្ពុជា ហើយបានអះ​អាង​ថា មានតំបន់ត្រួតស៊ីគ្នា៤,៦គីឡូ​ម៉ែត្រ​ក្រឡា​ក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ ។ តាម​ការពិតរវាងកម្ពុជា និងថៃ គឺមានខែ្សព្រំដែន​អន្តរជាតិដ៏ច្បាស់លាស់មួយរួចហើយ ។

គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ក្នុង​ខែ​កក្កដា ឆ្នាំ២០០៧ ក្នុងអំឡុងពេលកិច្ចប្រជុំ​លើក​ទី៣១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងទីក្រុងក្រៃឆឺច​ ប្រទេស​ណូវែល​ហ្សេ​ឡង់​ថៃបានបញ្ចេញជាសាធារណៈ និងជាលើកទីមួយនូវផែនទីសម្ងាត់ឯកតោភាគីដែលគ្មាន​ការទទួលស្គាល់ជាអន្តរជាតិ ដើម្បីតវ៉ាប្រឆាំង​នឹងការចុះឈ្មោះ​ប្រាសាទ​ព្រះវិហារក្នុង ។ បញ្ជីបេតិកភណ្ឌពិភពលោក។ ប៉ុន្តែផែនទី​ក្លែងក្លាយនេះ បានត្រូវបដិសេធចោលយ៉ាងម៉ឺង ម៉ាត់ពីសំណាក់គណៈកម្មាធិការបេតិកភណ្ឌពិភព​លោក ។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០០៨ លោក Milton Osborne សាស្ត្រាចារ្យនៅសា កលវិទ្យាល័យ Australian National University បានបោះពុម្ភផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា «ព្រះវិហារ៖ ជម្លោះ ប្រាសាទកម្ពុជា-ថៃ» ។ នៅក្នុងចំណងជើង ខាងក្រោមរបស់ខ្លួន «មហិច្ឆតារបស់ថៃ ក្តីបារម្ភរបស់កម្ពុជា» គាត់បានសរសេរថា
«…វាត្រឹមត្រូវណាស់ដើម្បីនិយាយថា ការ ពិចារណាខាងច្បាប់តែងតែមិនស្ថិតនៅក្នុង បេះដូងនៃការគិតរបស់ថៃលើទំនាក់ទំនាក់ទំនង ជាមួយនឹងកម្ពុជា ។

ចាប់តាំងពីការទទួលបាន ឯករាជ្យរបស់កម្ពុជាក្នុងឆ្នាំ១៩៥៣ រហូតដល់ ការចាប់ផ្តើមសង្រ្គាមស៊ីវិលកម្ពុជានៅក្នុងឆ្នាំ ១៩៧០ ទំនាក់ទំនងរវាងកម្ពុជា និងថៃត្រូវបានកត់​សម្គាល់​ទៅដោយការលំបាកស្ទើរតែជា រៀងរហូតមក…។ ក្នុងរយៈកាលប៉ុន្មានឆ្នាំនោះ ភ្នាក់ងារសន្តិសុខថៃបានធ្វើការដើម្បីបំផ្លាញរដ្ឋា ភិបាលក្រុងភ្នំពេញ»។

ក្នុងពេលបច្ចុប្បននេះបណ្តាញឃោសនា អេឡិចត្រូនិកថៃ (www.chiangmai-chian-grai.com) បន្តធ្វើការផ្សព្វផ្សាយនូវអ្វីដែល ហៅថា «កាលប្រវត្តិនៃការបាត់បង់​ទឹកដី​១៤​ ដងរបស់សៀម- A Chronicle of Siam’s 14 Boundary Losses» ហើយខ្លឹមសាររបស់ ចំណុចទី១៤ មានដូចខាងក្រោមនេះ ៖
«នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ៖ ថៃបាន បាត់បង់ទឹកដីចំនួន២milesការ៉េនៃប្រាសាទ ព្រះវិហារទៅកម្ពុជា ។ ជម្លោះជូរចត់បានកើត មានឡើងនៅពេលដែល​កម្ពុជាមិន​ដឹងជាចេញ មកពីណាទាមទារយកប្រាសាទ ។ តុលាការ ពិភពលោកពឹងផ្អែកលើផែនទីមិនត្រឹមត្រូវគូស ឡើងដោយមហាអំណាចអាណានិគមបារំាង នៅ ពេលដែលកម្ពុជា គឺជាផ្នែកមួយនៃចក្រភព ឥណ្ឌូចិនបារាំង ។ សេចក្តីសម្រេចដែលធ្វើ ឡើងដោយតុលាការពិភពលោកបានផ្តល់តំបន់ ពិសិដ្ឋនេះទៅឱ្យកម្ពុជាធ្វើឱ្យមានកំហឹងដល់ សេនាប្រមុខនាយករដ្ឋមន្ត្រីពេលនោះ Sarit Thanarat ក៏ដូចជាប្រជាជនថៃដែលគាត់បាន និយាយថា យើងគួរតែបានបដិសេធការលះ បង់ប្រាសាទ Khao Phra Wihaan ចោល ។ ប្រាសាទគឺជាមរតកពិភពលោកដែលជាកម្ម សិទ្ធិរបស់មនុស្សគ្រប់រូប។ យោងលើភូមិសាស្រ្ត និងប្រវត្តិសាស្ត្រសៀម ឬថៃត្រូវតែមានសិទ្ធិ ដាច់ខាត ដើម្បីមើល​ថែប្រាសាទពិសេសនេះ»។

ការអះអាងទឹកដីខាងលើនេះ ដែលបញ្ឆេះ ឡើងដោយមហិច្ឆតាវាតទីទឹកដីរបស់ថៃបានធ្វើ ឡើងប្រឆាំងនឹងសាលដីកាថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២ របស់តុលាការយុត្តិធម៌​អន្តរជាតិ ហើយបង្កឱ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព នៅក្នុងប្រទេសកម្ពុជា។

៣-នយោបាយវាតទីថៃ ជាការគំរាម​កំហែង​ពិតប្រាកដដល់ប្រទេសជិតខាងទាំងអស់

អ្វី​ដែលហៅថា «កាលប្រវត្តិនៃការបាត់បង់​ទឹក​ដីសៀម​១៤ដង» បានសរសេរថា «សៀម​បាន​រងគ្រោះការបាត់បង់ទឹកដីប្រហែល១៤ដង ដែល​ប្រាំបីដងទៅអង់គ្លេស និងបារាំង ហើយ​នៅសល់ប៉ុន្មានទៀតទៅប្រទេសជិតខាងខ្លួន»។ ដូច្នេះប្រទេសជាប់ព្រំដែនទាំងអស់ រួមមាន​កម្ពុជា-ចិន-ឡាវ-ម៉ាឡេស៊ី-ភូមា និង​វៀតណាម​អាចជាប្រទេស​គោលដៅ​នៃការទាមទារទឹកដី​ដោយថៃចាប់ពីពេលឥឡូវនេះទៅ។

ថ្មីៗបំផុតនេះ កាលពីថ្ងៃទី២៦ មេសា ២០១១ រដ្ឋាភិបាលថៃបានអនុម័តដំណោះ ស្រាយ​បីផ្នែករួមមានការឆ្លើយតបខាងយោ​ធាប្រឆាំងនឹងការលុកលុយរបស់កម្ពុជា ។ រដ្ឋា ភិបាលកម្ពុជា កាលពីថ្ងៃទី២៧ មេសា បាន​ថ្កោល​ទោសការគំរាមកំហែងរបស់ទីក្រុង បាងកកក្នុងការប្រើសកម្មភាពយោធាបណ្តេញ​ទាហានកម្ពុជាចេញពីតំបន់ដែលថៃគិតថា នៅ​ក្នុងជម្លោះ។

ដូចដែលយើងបានឃើញខាងលើនេះ រដ្ឋាភិ​បាលវាតទីទឹកដី និងចូលចិត្តសង្គ្រាម គឺជាការ​គំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិភាព និង​ស្ថិរភាពនៅក្នុងតំបន់របស់យើង​ទាំងមូល។ ដោយហេតុផលនេះហើយ ប្រទេសជាប់ព្រំដែន​ទាំងអស់ រួមជាមួយនឹងសហគមន៍អន្តរជាតិ​គួរ​តែប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់នូវគោលនយោ​បាយដ៏គ្រោះថ្នាក់​ដើម្បី យើងអាចទទួលបាន​សន្តិ​ភាព និងស្ថិរភាពយូរអង្វែងនៅ​ក្នុងអាស៊ីអា​គ្នេយ៍។

មេដឹកនាំថៃគួរដឹងថា ពិភពលោកនៃសត​វត្សរ៍ទី២១ ត្រូវការចក្ខុវិស័យថ្មី គឺចក្ខុវិស័យ សន្តិភាពដែលចាក់ប្ញសនៅក្នុងយុត្តិធម៌ ចក្ខុ​វិស័យរបស់ពិភពលោកដែលរួមគ្នា​នៅក្នុង​សហ​គមន៍​ដែលមានចេតនាលះបង់ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ។ សន្តិភាពដែល​ចាក់គ្រឹះនៅក្នុងយុត្តិធម៌ទាមទារការអប់រំពីវប្បធម៌សន្តិភាពទាំង​នៅ​ក្នុងផ្ទះ សហគមន៍ ប្រទេស និង​នៅក្នុងពិភពលោកទាំងមូល៕​​

អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស​ទីស្តីការគណៈ​រដ្ឋមន្ត្រី