ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ទាប​លិច​ទឹក​ជួល​ជាង​ស្ទូច​ឱ្យ​ខ្ពស់​ខុស​បច្ចេក​ទេស​រអិល​ធ្លាក់​បាក់ម៉ដ្ឋ

14 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ផ្ទះ​ក្បឿង​ដ៏​ធំ​មួយ​ខ្នង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ​ក្រុង​សៀម​រាប បាន​បាក់​ធ្លាក់​រាប​ដល់​ដី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​​បណ្តាល​ឱ្យ​គ្រោង​ផ្ទះ​ទាំង​មូល​​ រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ខណៈ​​អ្នក​ម៉ៅ​ការ​ជួស​ជុល​​ស្ទូច​រំកិល​ ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី ហើយ​​ជួប​បញ្ហា​បច្ចេក​ទេស។ ​ពុំ​មាន​

ខេត្ត​សៀម​រាប ៖ ផ្ទះ​ក្បឿង​ដ៏​ធំ​មួយ​ខ្នង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ​ក្រុង​សៀម​រាប បាន​បាក់​ធ្លាក់​រាប​ដល់​ដី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​​បណ្តាល​ឱ្យ​គ្រោង​ផ្ទះ​ទាំង​មូល​​ រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ខណៈ​​អ្នក​ម៉ៅ​ការ​ជួស​ជុល​​ស្ទូច​រំកិល​ ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី ហើយ​​ជួប​បញ្ហា​បច្ចេក​ទេស។ ​ពុំ​មាន​សេចក្តី​រាយ​ការណ៍​ជុំ​វិញ​ព័ត៌​មាន​ពី​ចំនួន​អ្នក​រង​របួស ឬ​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ទំហំ​នៃ​ការ​ខូច​ខាត​មាន​ចំនួន​រហូត​ជាង​២​ម៉ឺន​ដុល្លារ។ ពេល​នេះ​ម្ចាស់​ផ្ទះ​​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន ដើម្បី​ទាម​ទារ​ឱ្យ​​អ្នក​ទទួល​ម៉ៅ​ការ​ជួស​ជុល​ផ្ទះ​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​​នេះ។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​ដង្គំ​​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​​ធ្លាក់​ដល់​ដី​នោះ​មាន​ទំហំ​៩​ម៉ែត្រ គុណ​១២​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បឿង ជា​កម្ម​សិទ្ធិ​របស់​​បុរស​​ឈ្មោះ​ម៉ុត សុផាត អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សោម ថាវី ហៅ​នាង អាយុ​៤៧​ឆ្នាំ។ ចំណែក​អ្នក​ម៉ៅ​ការ​ជួស​ជុល​ផ្ទះ​ដែល​ធ្វេស​ប្រហែស​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​នោះ​​ឈ្មោះ​ប៉ុល សុក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប។

លោក​ម៉ុត សុផាត ​ជា​ម្ចាស់​ផ្ទះ​រង​គ្រោះ​​រៀប​រាប់​​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ មេសា ​ថា បញ្ហា​​នេះ​កើត​ឡើង​ដោយ​សារ​តែ​កំហុស​ធ្វេស​ប្រហែស​របស់​អ្នក​ម៉ៅ​ការ​ជួស​ជុល​ ដូច្នេះ​គាត់​សម្រេច​ប្តឹង​មេជាង​ ដើម្បី​ឱ្យ​ទទួល​ខុស​ត្រូវ​។ ផ្ទះ​ដែល​​ដួល​រលំ​នោះ​គាត់​បាន​សាង​សង់​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩១​មក​ម៉្លេះ ដោយ​បាន​ចំណាយ​អស់​ជាង​៣០​ដំឡឹង​មាស។ ពេល​នេះ​វា​មាន​សភាព​ទាប​ពេក ទឹក​លិច​រាល់​ពេល​ភ្លៀង​ ទើប​គាត់​​លើក​វា​ឱ្យ​ខ្ពស់​ជាង​មុន​បន្តិច ​ដោយ​ជួល​ជាង​​ក្នុង​តម្លៃ​១.២០០​ដុល្លារ ដើម្បី​ស្ទូច​រំកិល​ផ្លាស់​ប្តូរ​ទីតាំង​ពី​មុខ​ទៅ​ក្រោយ ប៉ុន្តែ​​ជាង​ពុំ​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​ បូក​រួម​ទាំង​ការ​ធ្វេស​ប្រហែស​ផង​នោះ ​ធ្វើ​ឱ្យ​ផ្ទះ​កាច់​បាក់​រាប​ដល់​ដី​​ខូច​ខាត​ទាំង​ស្រុង។ បន្ថែម​ពី​លើ​នេះ សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​ដែល​នៅ​លើ​ផ្ទះ​នោះ​រួម​មាន គ្រែ​ដេក​ចំនួន​៥ សាឡុង​មួយ​ឈុត ទូសំអាង​១ ទូរ​ទស្សន៍​២១​អ៊ីង ១​គ្រឿង និង​ម៉ាស៊ីន​កុំព្យូរ​ទ័រ​៣​គ្រឿង​​ត្រូវ​ផ្ទះ​សង្កត់​​ខូច​ខាត​គ្មាន​សល់ បើ​សរុប​​ជា​ទឹក​ប្រាក់​​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​​ឯណោះ ។​

​លោក​ប៉ុល សុក និយាយ​ថា គាត់​​​មាន​បំណង​​ទទួល​ខុស​ត្រូវ​​​ចំពោះ​​អ្វី​ដែល​បាន​កើត​ឡើង ប៉ុន្តែ​គាត់​ក្រណាស់​​សូម្បី​​តែដីធ្វើ​ផ្ទះ​ក៏​គ្មាន​នៅដែរ គឺ​​សង់​ខ្ទម​នៅតាម​​ដីចំណី​ផ្លូវ ដូច្នេះ​​គាត់​មិន​មាន​​លទ្ធ​ភាព​សង​ការ​ខូចខាត​​ក្នុង​ទំហំ​ជាង​២ម៉ឺន​ដុល្លារ​នោះបានទេ ។ អ្នក​ម៉ៅ​ការ​រូប​នោះ​​បន្ត​ថា គាត់​នៅតែ​មាន​ជំហរ​ក្នុង​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​ជាមួយ​​ម្ចាស់​ផ្ទះ​ទៅតាម​​លទ្ធ​ភាព​ដែល​រូប​គាត់​អាច​ជួយ​​បាន​ខ្លះ បូករួម​ទាំង​​ថ្លៃ​ពលកម្ម​សម្រាប់​សាង​សង់​​​ផ្ទះ​ឡើង​វិញ ព្រោះ​​បើ​តាម​​មើល​ការ​ខូច​ខាត​​សម្រាប់​ផ្ទះឈើ​​វា​​មាន​កម្រិត​តែ​២០​ទៅ​៣០%​ប៉ុណ្ណោះ  ​គឺ​អាច​ជួស​ជុល​បាន​វិញ។ នេះ​ជា​មធ្យោបាយ​​​ដែល​យោគយល់​គាត់​ ហើយ​គាត់​មាន​លទ្ធភាព​ទទួល​យក​បាន​។ នៅ​រសៀល​ថ្ងៃ​ដដែល​​ លោកអនុសេនីយ៍​ទោ ឆឹង សុភា មេប៉ុស្តិ៍​​រដ្ឋ​បាល​​ស្វាយដង្គំ​ បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា ចំពោះ​​រឿង​នោះ​​​លោក​ពុំ​មាន​លទ្ធភាព​ដោះ​ស្រាយ​ទេ ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​​ថ្នាក់​លើ​ដើម្បី​​ចាត់​ការ​បន្ត ៕