រាជធានីភ្នំពេញ ៖ ប្រធានគណបក្ស ធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ចំពោះការចាត់វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការរបស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។
ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន បានអំពាវនាវឲ្យសមត្ថកិច្ច ត្រៀមចាប់វិធានការចំពោះអ្នកប្រមូលផ្តុំ តាមការរៀបចំរបស់ក្រុមប្រឆាំង ដែលប្រឆាំងនឹងដំណើរការរៀបចំការបោះឆ្នោត ដើម្បីដាក់ពន្ធនាគារ ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មាន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្ស លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស ធម្មាធិបតេយ្យ បានប្រកាសមិនគាំទ្រចំពោះការប្រមូលកម្លាំង ដើម្បីធ្វើបាតុកម្មករ ប្រឆាំងនឹងការរៀបចំរបស់ គ.ជ.ប នោះទេ ។
លោកស្រីក៏បានគាំទ្រចំពោះការបដិសេធរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោត ដោយសារគណបក្សនេះ មិនគោរពច្បាប់ ។
លោកស្រីថា ៖ «នៅក្នុងច្បាប់ ក៏មិនមានចែងថា ទាល់តែមានគណបក្សប្រឆាំង ឬឈ្មោះគណបក្ស«ក» គណបក្ស«ខ» ទើបដំណើរការរៀបចំបោះឆ្នោត ប្រកបដោយលិទ្ធិប្រជាធិបតេយ្យនោះទេ គឺវាមិនដែលមានទេ បើអ្នកនិយាយបែបនេះសូមយកច្បាប់មកអះអាងមកបញ្ជាក់» ។
ជាមួយគ្នានោះដែរ ប្រធានគណបក្ស ធម្មាធិបតេយ្យ ដែលបានប្រកាសលាលែងពីសញ្ជាតិហូឡង់បានអះអាងថា អ្វីដែលគណបក្សភ្លើងទៀន កំពុងធ្វើនេះ គឺជាល្បែងហ្គេម ដោយស្តាប់ការបញ្ជាពីប្រទេសមហាអំណាចមួយ ដើម្បីធ្វើឲ្យកម្ពុជាមានសង្គ្រាមដូចនៅរុស្ស៊ី និងអ៊ុយក្រែន ។
លោកស្រី បានគូសបញ្ជាក់ថា៖ «គាត់កំពុងលេងល្បែងហ្គេមនាំប្រទេសខ្មែរ ឲ្យក្លាយដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអ៊ីចឹង។ ខ្ញុំមិនចង់ឃើញ សម្តេចតេជោ ចរចាជាមួយគណបក្សភ្លើងទៀននោះទេ »។
ជាមួយគ្នានោះដែរ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ មានការប្រុងប្រយ័ត្ន ចំពោះឧបាយកលរបស់ក្រុមប្រឆាំងព្រោះថា ពួកគេកំពុងចង់នាំប្រទេសឲ្យមានសង្គ្រាមជាថ្មី ដូច្នេះសុំកុំឲ្យមានសង្គ្រាមជាលើកទី២ ដោយសារកម្ពុជាឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ហើយ ។
លោកស្រីបានលើកឡើងទៀតថា លោកស្រីមិនគាំទ្រឲ្យមានការប្រមូលផ្តុំគ្នារបស់ក្រុមប្រឆាំងនោះទេ។ គណបក្សប្រឆាំងបានកំពុងប្រើល្បិចមួយ ដើម្បីបង្កើតឲ្យមានលកយុគ កើតឡើងនៅកម្ពុជា ។
លោកស្រីក៏បានអះអាងថា អ្វីដែលក្រុមប្រឆាំងធ្វើនោះ បានកំពុងតែប្រឆាំងនឹងច្បាប់នៅកម្ពុជាតែម្តង។
លោកស្រីបញ្ជាក់ថា ៖ «គោលនយោបាយរបស់គេ គឺគេមិនឲ្យយើងធ្វើការបោះឆ្នោតទេ! គេនឹងធ្វើអ៊ីចឹង ដើម្បីអំណាចរបស់គេ។ តែយ៉ាងណា ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ច ក្រសួងពាក់ព័ន្ធ ពិសេសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ត្រូវទប់ស្កាត់រាល់វិធានការទាំងអស់ឲ្យខានតែបាន មិនថា ប្រើគ្រប់វិធីសាស្ត្រណានោះទេ ពីព្រោះថា ពេលនេះកម្ពុជាមានគ្រោះថ្នាក់» ៕

ចែករំលែកព័តមាននេះ