ខេត្តកំពត ៖ សម្លៀកបំពាក់ប្រភេទជាឯកសណ្ឋានប៉ូលិស ប៉េអឹម និងយោធា ដោយគ្រាន់តែគ្មានសិញ និងស្លាកសញ្ញាតែប៉ុណ្ណោះ ត្រូវបានគេដាក់តាំងលក់នៅតាមទីផ្សារដោយសេរី និងមិនឃើញសមត្ថកិច្ចដែលមានតួនាទី ធ្វើការណែនាំ ឬហាមឃាត់ដល់ឈ្មួញដែលដាក់តាំងលក់នេះឡើយ ។
ការដាក់តាំងលក់ខោអាវប៉ារ៉ានៅតាមទីផ្សារនេះ ជាហេតុនាំឱ្យជះឥទ្ធិពលមិនល្អ សម្រាប់ជនឆ្លៀតឱកាសមួយចំនួនដែលគ្មានក្របខណ្ឌជាសមត្ថកិច្ច ហើយទិញសម្លៀកបំពាក់ ឯកសណ្ឋានទាំងនេះយកមកប្រើប្រាស់ រួចជិះរថយន្តទំនើបៗ សម្តែងឫទ្ធិដាក់ប្រជាពលរដ្ឋនៅតាមជនបទ ដែលពួកគាត់ពុំស្គាល់សមត្ថកិច្ចច្បាស់ នាំគ្នាភ័យខ្លាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកងទ័ពដែលស្របច្បាប់ត្រឹមត្រូវ។ បញ្ហាក្លែងបន្លំពីជនឆ្លៀតឱកាសយកស្បែកខ្លាមកពាក់នេះ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋកន្លងមកមានជនប្រភេទនេះធ្លាប់ធ្វើសកម្មភាពល្មើសផ្សេងៗ ហើយសមត្ថកិច្ចក៏ធ្លាប់បង្ក្រាបជនប្រភេទនេះកន្លងមកជាញឹកញាប់ដែរ ជាពិសេសករណីប្លន់តែម្តង ។
ប្រជាពលរដ្ឋរកស៊ីឡើងភ្នំកាប់ឈើម្នាក់ក្នុងខេត្តកំពត បានប្រើប្រាស់សម្លៀកបំពាក់ឈុតប៉ារ៉ា សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រូបគាត់មិនមែនទាហាន ប៉េអឹម ឬប៉ូលិសអ្វីទេ គាត់ស្លៀកពាក់ឯកសណ្ឋាននេះដោយសារគាត់ឃើញគេដាក់តាំងលក់សេរីទៅហើយ គាត់ចេះតែទិញស្លៀកពាក់ទៅ ហើយខោអាវនេះពាក់ទៅថ្លៃថ្នូរទៀតផង រីឯសមត្ថកិច្ចក៏ពុំដែលសួរនាំអ្វីដែរ រូបគាត់មានការកក់ក្តៅម្យ៉ាងដែរ ដោយសារតឺនុយខោអាវប្រភេទឯកសណ្ឋាននេះ។
អាជីវករលក់ខោអាវជជុះម្នាក់ព្រមទាំងមានតាំងលក់ខោអាវប៉ារ៉ាផងនោះ បានឱ្យដឹងថា ខ្លួនឈ្មោះអេប សំអុន មុខងារសន្តិសុខផ្ទះយុវវ័យ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខោអាវប៉ារ៉ា ដាក់តាំងលក់ជាមួយខោអាវជជុះនេះរូបគាត់ពុំដែលឃើញសមត្ថកិច្ចចុះមកណែនាំទេ គាត់ចេះតែលក់ទៅ។ ចំពោះខោអាវប៉ារ៉ាគាត់ទៅទិញដល់ឃ្លាំងតែម្តង គាត់ទិញមកម្តង១គីប តម្លៃ១៦០ដុល្លារ គាត់លក់ចេញវិញមួយកំប្លេ១៥.០០០រៀល។ គួររំឮកដែរថា បច្ចុប្បន្នការដាក់តាំងលក់ទាំងខោអាវ និងមួកជាឯកសណ្ឋានសមត្ថកិច្ចនេះនៅក្នុងទីផ្សារខេត្តកំពត គេដាក់លក់ម៉ាសេរី គ្មានឃើញសមត្ថកិច្ចទៅហាមឃាត់ទេ សូម្បីអ្នករត់ម៉ូតូឌុបមួយចំនួននៅក្នុងក្រុងក៏មានមួកប៉ារ៉ាពាក់សីញយោធាដែរ ។ ការទំនាក់ទំនងទៅកាន់មន្ត្រីពាក់ព័ន្ធនានាដើម្បីសុំការបំភ្លឺក៏ពុំអាចទាក់ទងបានឡើយ កាលពីថ្ងៃទី៤ ឧសភា ៕
ចែករំលែកព័តមាននេះ