រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ ។

ថ្លែងនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា«គេ(គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតហើយគេអត់ថយក្រោយដោយសារម្នាក់ ឬពីរនាក់ ម៉ាបក្ស ឬពីរបក្សទេ គេអត់ថយក្រោយទេ ទោះបីតវ៉ាដល់ងា.ប់ខ្លួនទៅទៀតក៏គ្មានអ្នកគេធ្វើដែរ» ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធក្នុងការចុះបញ្ជី ។ ចំពោះការចាប់លេខរៀងគណបក្សនយោបាយទាំង១៨នោះ គណបក្សប្រជាជនកម្ពុជាបានលេខរៀងទី១៨ ដែលជាលេខងាយស្រួល ចំណាំផងដែរ ។

សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

លោក តុប ឬទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃអគ្គ- លេខាធិការដ្ឋាន គ.ជ.ប បានឲ្យដឹងកន្លងមកថាគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីធ្វើការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ នៅពេលនេះ គឺមានគោលបំណង ដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោតមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមី គណបក្សនយោបាយនីមួយៗ ។

លោក បានឱ្យដឹងថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗ បានផ្ញើជូន គ.ជ.ប ៕
ចែករំលែកព័តមាននេះ