រាជធានីភ្នំពេញ ៖ អគ្គនាយកដា្ឋនពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២៣ និងចាប់ពីផ្តើមពីខែ១ មិថុនា ដល់៣០ វិច្ឆិកាតទៅ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។
អគ្គនាយកដា្ឋនពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងសេចក្តីជូនដំណឹងនោះថា ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូងម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២ សន្លឹកតាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន ៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ ។
ដោយឡែកចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយដូចជាប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ មធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ ។
ម្ចាស់យានយន្ត អាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារ ខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវីង (ខេមបូឌា) ម.ក (បង់តាមអនឡាញ) ឬនៅតាមធនាគារដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់ តាមរយៈ កម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Androld សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក ។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេសអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានាត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ។ ចំពោះយានយន្តរបស់ក្រសួងស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុក របស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយ នូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សេចក្តីជូនដំណឹងក៏បានលើកឡើងថា ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និងន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ទេ ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ ប្រភេទសម្រាប់ឆ្នាំ២០២៣… បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ