រាជធានីភ្នំពេញ ៖ ពិតជាល្បិចខ្ពស់មែន ! ស្ត្រីម្នាក់ជំពាក់លុយគេមិនសង ពេលម្ចាស់បំណុលរកឃើញនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បែរជាផុសបំពុលសង្គមថា ជាករណីប្ល.ន់ទៅវិញ ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនាយប់ថ្ងៃទី៣០ ខែឧសភានេះ ។

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sery Oun ថា ជាករណីប្ល.ន់ម៉ូតូ តាមពិតជាក់ស្តែង មិនមែនជាករណីប្ល.ន់ទេ គឺជាករណីម្ចាស់បំណុលបាននាំអ្នកជំពាក់លុយគេចវេសមិនព្រមសង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។

បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការស្រាវជ្រាវករណីនេះ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងជំនាញបានធ្វើការកោះហៅអ្នកជំពាក់លុយដែលបំផុសព័ត៌មានមិនពិត និងម្ចាស់លុយ ដើម្បីសាកសួរ បកស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ជបាលទំនប់ទឹក ។
ក្រោយពីធ្វើការសាកសួររួចរាល់ ម្ចាស់គណនីហ្វេសប៊ុកខាងលើសារភាពទទួលកំហុស ដែលបានផុសព័ត៌មានមិនពិតបំពុលសង្គម ថាជាករណីប្ល.ន់ ជាក់ស្តែង គឺជាករណីជំពាក់លុយគេមិនព្រមសង ។
ក្រោយពីធ្វើការសាកសួរចប់ ស្ត្រីរូបនោះបានឯកភាពយល់ព្រមសងលុយជំពាក់ទៅម្ចាស់លុយ ហើយកម្លាំងជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ៕
ចែករំលែកព័តមាននេះ