មានព័ត៌មានពាក់ព័ន្ធនឹងការបៀតបៀន និងការប្រព្រឹត្តអំពើហិង្សាទៅលើកូនសិស្សនៅក្នុងសាលារៀនទៀតហើយប្រិយមិត្ត។ លើកនេះកើតឡើងនៅប្រទេសថៃវិញម្ដង។ អាជ្ញាធរប្រហែលជាមិនបន្ធូរដៃចំពោះគ្រូបង្រៀនរូបនោះទេ។ សមត្ថកិច្ចចាត់ទុកថាអ្នកប្រព្រឹត្តអំពើនេះជាជនសង្ស័យដែលអាចប្រឈមនឹងការចាប់ឃុំខ្លួនដើម្បីរង់ចាំការនាំខ្លួនឡើងតុលាការ។
គ្រូបង្រៀននៅមណ្ឌលថែទាំកុមារនៃប្រទេសថៃប្រឈមនឹងការចាប់ខ្លួន បន្ទាប់ពីគ្រូរូបនោះដាក់ពិន័យ និងធ្វើទារុណកម្មនៅក្នុងទម្រង់ធ្ងន់ធ្ងរទាំងផ្លូវចិត្ត និងផ្លូវកាយទៅលើកុមារជាង២៨០នាក់។ ស្នងការនគរបាលខេត្តសារ៉ាបុរី (Saraburi) បានបិទបញ្ចប់ការស៊ើបអង្កេតកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ជនសង្ស័យបានឆ្លើយសារភាពកំហុសគ្រប់យ៉ាង និងសោកស្ដាយចំពោះទង្វើរបស់ខ្លួន។ ប៉ុន្តែសមត្ថកិច្ចយល់ថាត្រឹមតែសម្ដែងការសោកស្ដាយ ឬសូមទោសមិនទាន់គ្រប់គ្រាន់ទេ។
មូលហេតុនៃការស៊ើបអង្កេតសំណុំរឿងនេះផ្ដើមចេញពីការសាកសួរកុមារ៩នាក់ដោយសមត្ថកិច្ចចម្រុះ ដែលមានក្រុមអ្នកតំណាងព្រះរាជអាជ្ញា, នគរបាល និងក្រុមការពារសិទ្ធិកុមារជាច្រើននាក់។ ក្រុមស៊ើបអង្កេតបានប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព រួមជាមួយការអះអាងរបស់សាក្សី និងប្រភពដទៃទៀត។ សមត្ថកិច្ចនាំជនសង្ស័យទៅសាកសួរកាលពីម្សិលមិញ។
ឥឡូវនេះ, កិច្ចការដែលសមត្ថកិច្ចត្រូវធ្វើជាបន្តទៀតគឺខិតខំប្រមូលភស្តុតាងដាក់បន្ទុកឱ្យបានគ្រប់គ្រាន់។ ប្រមូលភស្តុតាងបានកាន់តែច្រើន កាន់តែល្អ ដើម្បីធានាថានៅពេលប្ដឹងឡើងតុលការ, ជនសង្ស័យមិនអាចរួចខ្លួនជាដាច់ខាត។ សមត្ថកិច្ចកំពុងស្នើសុំដីការចាប់ខ្លួនពីតុលាការដើម្បីជៀសវាងការរត់គេចខ្លួន។ សូមជម្រាបថាកុមារដែលទទួលរងការបៀតបៀន និងដែលបានផ្ដល់បទសម្ភាសនោះ កំពុងស្នាក់នៅទីកន្លែងសុវត្ថិភាពនៃខេត្តសារ៉ាបុរី។
នៅទីនោះ, ពួកគេទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមអ្នកជំនាញ ដើម្បីស្ដារសម្បទាពួកគេឡើងវិញ។ ជាពិសេស ពួកគេត្រូវការការគាំទ្រផ្នែកផ្លូវចិត្ត។ ការបៀតបៀនកុមារមិនមែនជារឿងតូចតាចទេ។ វានឹងប៉ះពាល់ឆាកជីវិតរបស់ជនរងគ្រោះតាំងពីវ័យក្មេង រហូតដល់ថ្ងៃស្លាប់។ អីចឹងហើយបានជាប្រទេសខ្លះដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តអំពើនេះ។
រឿងនេះលេចឮជាសាធារណៈ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់លួចទម្លាយអាថ៌កំបាំងនៅក្នុងមណ្ឌលថែទាំកុមារខាងលើនេះ។ ហ្វេសប៊ុកនេះបង្ហាញថាកុមារជាង២៨០នាក់បានរងការបៀតបៀន និងធ្វើទារុណកម្ម។ ក្រោយទទួលបានដំណឹងនេះ, ក្រុមការងារចម្រុះដែលមានអ្នកចិត្តវិទ្យាកុមារ, សមត្ថកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀតធ្វើការយ៉ាងដុតដៃ ដុតជើង។ លទ្ធផលស៊ើបអង្កេតបង្ហាញថាកុមារខ្លះត្រូវគេដាក់ពិន័យ, ធ្វើទារុណកម្ម និងដាក់ឱ្យនៅក្នុងបន្ទប់ងងឹត។
នៅប្រទេសថៃដដែលនេះក៏មានករណីគ្រូបង្រៀនប្រព្រឹត្តអំពើហិង្សាទៅលើកូនសិស្ស១ករណីទៀតកើតឡើងនៅខេត្តឧប៊ុនរាជធានី (Ubon Ratchthani) កាលពីថ្ងៃទី៣០ ខែឧសភា។ ព័ត៌មានផ្សាយថានៅឧប៊ុនរាជធានី, គ្រូម្នាក់ទះកំផ្លៀងកូនសិស្សថ្នាក់ទី៧ដោយសារខឹងនឹងកូនសិស្សជជែកគ្នានៅក្នុងថ្នាក់រៀន។ លោកគ្រូក៏រកវិធីសងសឹកវិញ ដោយហៅកូនសិស្សឡើងក្ដារខៀនធ្វើលំហាត់។ នៅពេលកូនសិស្សធ្វើលំហាត់អត់ចេញ, គាត់ទះកំផ្លៀង១ទំហឹងៗតែម្ដង៕
ប្រភព៖ The Thaiger
https://thethaiger.com/hot-news/crime/abusive-teacher-faces-arrest-for-tormenting-280-kids
ចែករំលែកព័តមាននេះ