ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ខាងលើនេះផងដែរ។
ក្នុងពិធីនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធី ដោយចាប់ពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ រហូតដល់កម្មវិធី ត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ។
ដោយឡែកសម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៥ខែ។
គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ហើយនឹងបើកម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ជាមួយស្ពានអាកាសឫស្សីកែវ ព្រមៗគ្នាតែម្តង៕











ចែករំលែកព័តមាននេះ