ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានបុរសចំណាស់ម្នាក់បានស្លាប់ និងស្ត្រីចំណាស់ម្នាក់ កុមារីម្នាក់ ត្រូវរងរបួសធ្ងន់ ក្រៅពីនោះរបួសស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រឡាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០១១ លើផ្លូវជាតិលេខ៥ខាងត្បូងស្រះដើមអម្ពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
តាមប្រភពពីលោកអនុសេនីយ៍ឯកតោ សារូ នាយផ្នែកការិយាល័យចរាចរណ៍ជើងគោកខេត្ត បានឱ្យដឹងថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2A-2789 បើកបរដោយឈ្មោះពិ សាវ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផាត់សណ្តោង ឃុំគោកបល្ល័ង្ក ស្រុកមង្គលបុរី។ រថយន្តបានផ្ទុកអ្នកដំណើរជាលក្ខណៈក្រុមគ្រួសារ មានប្រពន្ធ កូន ប្អូនថ្លៃ ឪពុក ម្តាយក្មេក សរុបចំនួន៩នាក់ ទាំងអ្នកបើកបរ ។ ប្រភពបន្តថា មុនពេលកើតហេតុរថយន្តបានបើកពីកើតទៅលិចយ៉ាងលឿន ពេលដល់កន្លែងកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ទៅខាងត្បូងផ្លូវជាតិក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យឈ្មោះលឹម សុខ អាយុ៥៦ឆ្នាំ ត្រូវជាឪពុកអ្នកបើកបរស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ឯម្តាយក្មេកអាយុ៥១ឆ្នាំ និងកូនស្រីរបស់គេអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ក្រៅពីនោះរបួសស្រាល ។
លោកវរសេនីយ៍ទោឈឿម សុផុន នាយការិយាល័យចរាចរជើងគោកខេត្ត បានឱ្យដឹងថា ក្រុមគ្រួសាររងគ្រោះទាំងនេះធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីមង្គលការបងប្អូននៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយអ្នកបើកបរមិនទាន់ស្ទាត់ជំនាញ ទើបមានហេតុការណ៍បែបនេះ។ លោកនាយការិយាល័យបានបញ្ជាក់ទៀតថា កត្តានាំឱ្យគ្រោះថ្នាក់ចរាចរនេះគឺមកពីអ្នកបើកបរបើកក្នុងល្បឿនលឿន និងមិនទាន់មានជំនាញបើកបរគ្រប់គ្រាន់ ហើយផ្ទុកអ្នកដំណើរច្រើន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ សំណាងល្អហើយដែលពុំមានប៉ះជាមួយរថយន្តផ្សេងទៀត បើពុំនោះទេនឹងជួបបញ្ហាធ្ងន់ធ្ងរជាងនេះ៕
ចែករំលែកព័តមាននេះ