រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាឆក់២នាក់ដែលធ្វើសកម្មភាពឆក់ស្ត្រីម្នាក់ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូកង់បីកាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នោះ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់តុលាការហើយ។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើងតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ធ្លាក់ពីលើម៉ូតូកង់បី ខណៈកំពុងធ្វើដំណើរ បណ្ដាលឱ្យស្ត្រីរងគ្រោះដួលបោ.កទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។

តាមរយៈវីដេអូដែលរថយន្តថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។

ហើយចំពោះអំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក៏កំណត់មុខសញ្ញាបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ក្នុងនោះរួមមានឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និងម្នាក់ទៀតឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។

បើតាមជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមកហើយតាំងពីឆ្នាំ២០១៩មកម្ល៉េះ និងក៏ធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកផងដែរ ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិ.ង្សា (កា.ប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា)។ លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់ និងលើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ចំណែកលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាពឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានទៀត។

ជនសង្ស័យទាំង០២នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកថា ៖ ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បាន៕



ចែករំលែកព័តមាននេះ